(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យទីក្រុងតូក្យូ បង្កើនការចំណាយដល់ទៅបួនដង សម្រាប់ កងទ័ពអាមេរិក ដែលកំពុងឈរជើងនៅជប៉ុន ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងដាក់សម្ពាធឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនបង្កើនការចំណាយខាងវិស័យការពារជាតិ។ នេះបើតាមគេហទំព័រ Foreign Policy ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

Foreign Policy ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិកជាច្រើននាក់ ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ។ ប្រភពដដែលបានបន្ថែមថា សហរដ្ឋអាមេរិកចង់ឱ្យជប៉ុន បង្កើនការចំណាយប្រចាំឆ្នាំដល់ទៅ បួនដង ឬពី ២ពាន់លានដុល្លារ ដល់៨ពាន់លានដុល្លារ ដើម្បីរក្សាវត្តមានកងទ័ពអាមេរិកជាង ៥៤,០០០នាក់ ស្របពេលកិច្ចព្រមព្រៀងបច្ចុប្បន្ន នឹងត្រូវអស់សុពលភាពនៅខែមីនា ឆ្នាំ២០២១។

សំណើខាងលើត្រូវបានធ្វើឡើងកំឡុងដំណើរទស្សនកិច្ច មកកាន់តំបន់អាស៊ី របស់អតីតទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក ចន បូលតុន កាលពីខែកក្កដា កន្លងទៅ។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុនម្នាក់ បានអះអាងថា ពុំមានឡើយកិច្ចចរចារវាងអាមេរិក និងជប៉ុន ជុំវិញកិច្ចព្រមព្រៀងថ្មីស្ដីពីកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅលើទឹកដីជប៉ុន។

គួរជម្រាបថា សហរដ្ឋអាមេរិក បានដាក់សម្ពាធលើបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត បង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងនោះរួមមានទាំងកូរ៉េខាងត្បូងផងដែរ ដែលត្រូវបានលោក ដូណាល់ ត្រាំ ស្នើឱ្យបង់ថ្លៃការពារ បន្ថែមជាង ៤.៧ពាន់លានដុល្លារ ឬស្មើនឹងអត្រា ៥០០ភាគរយលើសមុនសម្រាប់ឆ្នាំ២០២០ លើថ្លៃចាយវាយ របស់កងទ័ពអាមេរិក ២៨,៥០០នាក់ កំពុងឈរជើងនៅកូរ៉េខាងត្បូង៕