(ប៉ារីស)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងជួបជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky) ក្នុងជំនួបមួយទល់នឹងមួយជាលើកដំបូងបំផុត ក្នុងទីក្រុងប៉ារីសប្រទេសបារាំង នៅថ្ងៃទី០៩ ខែធ្នូ ខាងមុខនេះដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ នៃតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមវិមានប្រធានាធិបតីបារាំង ដកស្រង់ការផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ វិមានប្រធានាធិបតីបារាំងក៏បានបញ្ជាក់ដែរថា លោកប្រធានាធិបតី អែមម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល នឹងចូលរួមក្នុងជំនួបកំពូល ចតុភាគីជាមួយលោក ពូទីន និងលោក Zelensky ក្នុងគោលបំណងស្វែងរក ដំណោះស្រាយបញ្ចប់ជម្លោះរុំារ៉ៃ នៅឯតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ដែនដីកំពុងស្ថិតក្រោមគ្រប់គ្រងដោយក្រុមឧទ្ទាមបំបែករដ្ឋ ដែលមានទីក្រុងម៉ូស្គូស្ថិតនៅពីក្រោយខ្នង។

គួរបញ្ជាក់ថា ជម្លោះនៅក្នុងតំបន់ ដូណេតក៍ (Donetsk) និងតំបន់ លូហ្គេនក៍ (Lugansk) នៃភាគខាងកើតប្រទេសអ៊ុយក្រែន ដែលផ្ទុះឡើងកាលពីឆ្នាំ២០១៤ មកទល់នឹងបច្ចុប្បន្ន បានផ្ដាច់យកជីវិតមនុស្សច្រើនជាង ១៣,០០០នាក់ ហើយវាក៏បានជំរុញឱ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ីផងដែរ ដោយសារតែទីក្រុងម៉ូស្គូគាំទ្រក្រុមឧទ្ទាមបំបែករដ្ឋ និងការកាត់យកទឹកដីនៃតំបន់ឧបទ្វីបគ្រីមាយកទៅវិញ៕