(កូឡុំបូ)៖ ប៉ូលិសស្រីលង្កាបានឲ្យដឹងនាថ្ងៃសុក្រនេះថា មនុស្សសរុប៩០នាក់ត្រូវបានចាប់ខ្លួន ជុំវិញបទល្មើសពាក់ព័ន្ធទៅនឹងការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីស្រីលង្កា ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃសៅរ៍ស្អែក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកនាំពាក្យប៉ូលិសស្រីលង្កាលោក Ruwan Gunasekara បានប្រាប់ក្រុមអ្នកកាសែតថា គិតចាប់តាំងតែពីការដាក់ពាក្យដើម្បីឈរ ឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែតុលា ប៉ូលិសស្រីលង្កាទទួលបានពាក្យបណ្តឹងជាង១០០ពីមហាជន ដែលថា ពួកគេ បានរងការគំរាមកំហែងពីក្រុមសកម្មជននយោបាយ ហើយមកទល់ពេលនេះមនុស្សសរុប៩០នាក់ ត្រូវបានចាប់ខ្លួន។ ជនទាំងនោះត្រូវបានឃាត់ខ្លួន ពីបទគំរាមកំហែង សម្លុត ដាក់សម្ពាធ និងប្រើហិង្សាលើប្រជាពលរដ្ឋស្រីលង្កា ដើម្បីឲ្យបោះឆ្នោតឲ្យ បេក្ខជនណាមួយ។

គួរជម្រាបថា បេក្ខជនសរុបចំនួន៣៥នាក់ នឹងត្រូវប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីស្រីលង្កា នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ បើតាមការប៉ាន់ស្មាន ពលរដ្ឋស្រីលង្កា១៦លាននាក់ក្នុងចំណោមចំនួនប្រជាជនសរុប២២លាននាក់ នឹងមានសិទ្ធិបោះឆ្នោត។ សម្រាប់ការការពារសន្តិសុខ កម្លាំងប៉ូលិសជាង៦០,០០០នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស តាំងតែពីថ្ងៃព្រហស្បតិ៍មក៕