(បរទេស)៖ បណ្តាញសង្គមកម្សាន្ត YouTube នៅសប្ដាហ៍នេះបានប្រកាសជាផ្លូវការថា ចាប់ពីខែមករា ឆ្នាំ២០២០តទៅ បើសិនជាអ្នកបង្កើតវីដេអូ ឬម្ចាស់ Channel ទាំងឡាយណា ផលិតវីដេអូដែលរំលោភបំពានលើសិទ្ធិកុមារនោះ ក្រោយការប្រមូលទិន្នន័យទាំងឡាយគ្រប់គ្រាន់ហើយ Channel នោះនឹងត្រូវប្លុក ឬបិទមិនឲ្យមានអ្នកចូលមើលទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយពីគេហទំព័រ The Verge នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមវិធានការថ្មីខាងលើរបស់ YouTube ម្ចាស់ Channel ដែលរំលោភបំពានលើច្បាប់ការពារសិទ្ធិឯកជនកុមារ តាមបណ្តាញអ៊ីនធើណិត (COPPA) នោះពួកគេអាចនឹងប្រឈមមុខនឹងការបាត់បង់ប្រាក់ចំណូល ពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយសារតែវីដេអូរបស់ពួកគេនឹងបាត់បង់ប្រជាប្រិយភាព ក្នុងនោះរួមមានការបញ្ចេញយោបល់ និងផ្ទាំងវីដេអូទស្សនាបន្ត (end screens) ជាដើម។

គួរបញ្ជាក់ថា បើតាមគេហទំព័រ The Verge ក្រុមហ៊ុន Google បានទទួលស្គាល់ថា ការប្រកាសពីការចាត់វិធានការថ្មី ធ្វើឡើងក្រោយក្រុមហ៊ុនយក្សមួយនេះ បានបង់ប្រាក់ពិន័យជាង ១៧០លានដុល្លារកាលពីខែកញ្ញាកន្លងទៅ ដើម្បីផ្សះផ្សាជាមួយគណៈកម្មការសហព័ន្ធពាណិជ្ជកម្មអាមេរិក ពាក់ព័ន្ធនឹងការរំលោភលើសិទ្ធិឯកជនរបស់កុមារ។

ច្បាប់ COPPA បានចែងពីការហាមឃាត់ការប្រមូលទិន្នន័យពីកុមារ ដែលមានអាយុក្រោម ១៣ឆ្នាំ ដោយគ្មានការព្រមព្រៀងពីអាណាព្យាបាល ដោយនៅក្នុងករណីនេះ YouTube មិនអាចបញ្ចូលការផ្សព្វផ្សាយពាណិជ្ជកម្ម លើវីដេអូដែលរំលោភលើច្បាប់នេះឡើយ៕