(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានលុបចោលការប្រកាសអាកាសអាសន្ន ពីរលកយក្សស៊ូណាមិវិញហើយ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.១រ៉ិចទ័របានវាយប្រហារលើកោះ ម៉ូលូកខាស (Moluccas) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS គ្រោះរញ្ជួយដីកម្រិតខាងលើ មានចំណុចរញ្ជួយក្នុងសមុទ្រស្ថិតនៅចំងាយ ១៣៩គីឡូម៉ែត្រពីភាគពាយ័ព្យទីក្រុង ធើណេត (Ternate) ជាមួយជម្រៅ ៤៥គីឡូម៉ែត្រទៅក្រោមបាទសមុទ្រ។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ និងជនរងគ្រោះណាម្នាក់នៅឡើយទេ៕