(អ៉ីតាលី)៖ តំបន់ វែណេតូ (Veneto) ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ព្រែក ហ្គ្រែនខាណាល់ (Grand Canal) នៃទីក្រុងវេនីស (Venice) ប្រទេសអ៉ីតាលី ត្រូវបានទឹកជំនន់ជន់លិចភ្លាមៗបន្ទាប់ពីអាជ្ញាធរទាត់ចោលវិធានការ ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាម CNN តំបន់ Veneto បានជន់លិចដោយសារទឹកជំនន់ដ៏អាក្រក់បំផុត ជាលើកដំបូងនារយៈពេលជាង ៥០ឆ្នាំមកនេះក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កាលពីយប់ថ្ងៃអង្គារកន្លងទៅ។ មិនតែប៉ុណ្ណោះសូម្បីតែសាលប្រជុំនៃវិមាន ហ្វឺរ៉ូ ហ្វីនី (Ferro Fini) ក៏ត្រូវបានជន់លិចផងដែរនៅម៉ោងប្រមាណ ១០៖០០នាទីយប់ (ម៉ោងក្នុងតំបន់) ខណៈក្រុមប្រឹក្សាតំបន់កំពុងជជែកដេញដោល អំពីកញ្ចប់ថវិកាតំបន់សម្រាប់ឆ្នាំ២០២០។
ប៉ុន្តែទន្ទឹមគ្នានេះសមាជិកក្រុមប្រឹក្សាមកពីគណបក្ស Brothers of Italy និងគណបក្ស ហ្វរហ្សា (Forza Italia) បានទាត់ចោលកញ្ចប់ថវិកា និងវិធានការប្រយុទ្ធប្រឆាំងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។

គួរបញ្ជាក់ថា ដោយសារតែទឹកជំនន់ កិច្ចប្រជុំថ្នាក់តំបន់នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ ត្រូវបានប្ដូរទីតាំងប្រជុំទៅកាន់ទីក្រុង ត្រេវីសូ (Treviso) វិញ ហើយអភិបាលក្រុង Venice បានអះអាងថា បម្រែបម្រួលអាកាសធាតុគឺជាមូលហេតុបណ្ដាលឱ្យទឹកជំនន់កើតឡើង។ គេនៅមិនទាន់ដឹងថា តើអាចនឹងមានការសម្រេចជាថ្មីចំពោះកញ្ចប់ថវិកា និងដំណោះស្រាយអំពីការប្រែប្រួលអាកាសធាតុនេះ ដែរឬមួយក៏អត់នោះឡើយ៕