(វ៉ាស៊ីនតោន)៖ ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានបញ្ចេញមតិថា ការចាប់ផ្តើមនីតិវិធីស៊ើបអង្កេតដើម្បីទម្លាក់ លោក ត្រាំ ពីអំណាច ដោយគណបក្សប្រជាធិបតេយ្យ នឹងគ្មានផ្លូវផ្លាស់ប្តូរទស្សនៈរបស់ពួកគេ ចំពោះប្រធានាធិបតីអាមេរិករូបនេះឡើយ។ នេះបើតាមការដក ស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Joe D'Ambrosio ដែលរស់នៅរដ្ឋ Pennsylvania បាននិយាយថា លោកនៅតែមានការគាំទ្រចំពោះលោក ដូណាល់ ត្រាំ ដោយមិន ខ្វល់ការនីតិវិធីស៊ើបអង្កេតរបស់បក្សប្រជាធិបតេយ្យនោះទេ។ រីឯលោក Quincy Murphy ដែលរស់នៅរដ្ឋ Michigan បានបញ្ជាក់ថា វានឹង មិនអាចកែប្រែឲ្យរូបលោកចាត់ទុកលោក ដូណាល់ ត្រាំ ជាបុគ្គលដែលមិនស័ក្តិសមនឹងកាន់តំណែងជាប្រធានាធិបតីឡើយ ហើយលោក បានសង្កត់ធ្ងន់ថា អ្វីៗដែលលោក ត្រាំ បាននិងកំពុងធ្វើគឺដើម្បីតែផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ ជាមួយគ្នាដែរ ប្រជាជនអាមេរិក មួយចំនួនទៀតដែលជាអ្នកគាំទ្រលោក ត្រាំ បានលើកឡើង នីតីវីធីនេះនឹងគ្មានផ្តល់លទ្ធផលបានការអ្វីឡើយ នៅទីបញ្ចប់។

គួរជម្រាបថា សវនាការពាក់ព័ន្ធនីតិវីធីស៊ើបអង្កេតដើម្បីទម្លាក់លោក ត្រាំ ចេញពីតំណែង ត្រូវបានចាប់ផ្តើមចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ជាលើកដំបូង នាថ្ងៃពុធសប្តាហ៍នេះ។ ក្រុមមន្រ្តីបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងសភាតំណាងរាស្រ្តអាមេរិក សង្ឃឹមថាវានឹងអាចជួយ បញ្ចុះបញ្ចូលឲ្យ ប្រជាជនអាមេរិកយល់ស្របជាមួយពួកគេថា លោក ត្រាំ ស័ក្តិសមនឹងត្រូវទម្លាក់ចេញពីអំណាច។

យោងតាមការស្ទង់មតិកាលពីសប្តាហ៍ មុនរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រុមអ្នកគាំទ្របក្សប្រជាធិបតេយ្យ៧៥ភាគរយឯកភាពចំពោះនីតិវីធីទម្លាក់លោក ត្រាំ ខណៈក្រុមអ្នក គាំទ្របក្សសាធារណរដ្ឋវិញគឺ៧៩ភាគរយ មិនឯកភាពឡើយ។ សម្រាប់អ្នកគាំទ្រលោក ត្រាំ ភាគច្រើន នីតិវិធីស៊ើបអង្កេតនេះ គឺគ្មានអ្វីក្រៅ តែពីជាកិច្ចប្រឹងប្រែងរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីទម្លាក់ក៏ដូចជាកម្ចាត់ប្រធានាធិបតី ដែលពួកគេមិនអាចយកឈ្នះបានកាលពីឆ្នាំ ២០១៦ប៉ុណ្ណោះ៕