(បូលីវី)៖ អ្នកវិភាគស្ថានការណ៍លោក ឆាក់ ខាហ្វមែន (Chuck Kuafman) នៃអង្គការសម្ព័ន្ធភាពដើម្បីយុត្តិធម៌សកល AFGJ (Alliance for Global Justice) បានព្រមានថា សកម្មភាពប្រឆាំងប្រៀបបីដូចជារដ្ឋប្រហារនៅក្នុងប្រទេសបូលីវី ដែលបានបង្ខំឲ្យលោក អ៊ីវ៉ូ ម៉ូរ៉ាលែស (Evo Morales) បោះបង់ចោលតំណែងប្រធានាធិបតី ហើយភៀសខ្លួនចេញពីប្រទេសនោះ អាចជាស្នាដៃរបស់សហរដ្ឋអាមេរិក ក្រោមគោលដៅព្យាយាមគ្រប់គ្រង់ធនធានលីចូម (Lithium) ដ៏ច្រើនសម្បើមរបស់បូលីវី ហើយបំបែកប្រទេសអាមេរិកឡាទីននេះទៅជាពីរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Kuafman បានបង្ហាញក្តីព្រួយបារម្ភថា នាពេលខាងមុខបូលីវីអាចនឹងត្រូវបែងចែកជាពីរ ដោយមួយផ្នែកជាតំបន់ជនជាតិដើមរស់នៅ និងជាកន្លែងដែលអតីតប្រធានាធិបតីលោក Evo Morales មានសំឡេងគាំទ្រខ្លាំង ហើយមួយផ្នែកទៀតជាតំបន់សម្បូរទៅដោយធនធានរ៉ែ Lithium និងឧស្ម័នធម្មជាតិដ៏មានតម្លៃ។ ដូច្នេះគោលដៅរបស់ពួកគេប្រឆាំងស្តាំនិយម ដែលគាំទ្រដោយសហរដ្ឋអាមេរិក អាចនឹងព្យាយាមបំបែកប្រទេសបូលីវីជាពីរ ព្រោះនរណាក៏ដឹងដែរថា អតីតរដ្ឋាភិបាលរបស់លោក Evo Morales មិនសូវត្រូវគ្នាជាមួយអាមេរិកឡើយ ជាក់ស្តែងរឿងវេណេស៊ុយអេឡានោះតែម្តង។

កាលពីខែមិថុនា ឆ្នាំ២០១៩នេះ លោក Evo Morales ធ្លាប់បានប្រកាសថា បូលីវីនឹងពង្រឹងការកែច្នៃធនធាន Lithium ក្នុងប្រទេសផ្ទាល់តែម្តង ជាជាងនាំចេញទៅក្រៅប្រទេស ដែលជាហេតុធ្វើឲ្យលោក Kuafman យល់ថា ការកម្ចាត់លោក Morales ចេញពីអំណាច អាចជាមហិច្ឆតារបស់សហរដ្ឋអាមេរិក ដើម្បីក្តោបក្តាប់ធនធានរ៉ែនេះ។

គួរជម្រាបថា នៅចំពោះមុខការធ្វើបាតុកម្មទ្រង់ទ្រាយធំ និងការជំទាស់យ៉ាងខ្លាំងក្លា ពីសំណាក់ក្រុមមេដឹកនាំបក្សប្រឆាំង លោក Morales និងអនុប្រធានាធិបតីរបស់លោក បានសម្រេចលាលែងពីតំណែងកាលពីថ្ងៃអាទិត្យកន្លងទៅ ហើយកាលពីថ្ងៃអង្គារសប្តាហ៍នេះលោកស្រី ហ្សានីន អាណេស (Jeanine Anez) ដែលជាអនុប្រធានទី ២ នៃព្រឹទ្ធសភាបូលីវីក៏បានឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី ដោយពុំបានឆ្លងកាត់ការបោះឆ្នោតសម្រេចពីសភាឡើយ។
ទោះបីជាបែបនេះក្តី ក្រសួងការបរទេសអាមេរិកបានចេញមុខទទួលស្គាល់ លោកស្រី Anez ជាមេដឹកនាំបូលីវីភ្លាមៗ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាត់ទុកស្ថានការណ៍នេះថា ជាពេលវេលាដ៏សំខាន់សម្រាប់ លទ្ធិប្រជាធិបតេយ្យនៅបូលីវី៕