(សៀងហៃ)៖ អាជ្ញាធរចិនកំពុងស៊ើបអង្កេតលើមហាសេដ្ឋីចិនពីររូប ដែលជានាយកនៅក្នុងក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលកាមេរ៉ា សុវត្ថិភាពដ៏ធំរបស់ចិនគឺ ហ៊ីកវីសិន (Hikvision) ពាក់ព័ន្ធការសង្ស័យថា ពួកគេមានប្រព្រឹត្តបទល្មើសមួយចំនួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

បើតាមក្រុមហ៊ុន Hikvision នាយកទាំងពីររូបខាងលើដែលមានឈ្មោះ កុង ហុងជា (Gong Hongjia) និង ហ៊ូ យ៉ាងចុង (Hu Yangzhong) ត្រូវបានអាជ្ញាធរចិនកំណត់ជាជនសង្ស័យ ហើយលោកទាំងពីរនឹងត្រូវសហការក្នុងការស៊ើបអង្កេត ដោយគណៈកម្មការត្រួតពិនិត្យវិស័យមូលប័ត្រចិន (CSRC)។ ក្រុមហ៊ុន Hikvision បានបញ្ជាក់ថា ការស៊ើបអង្កេតនេះពុំពាក់ព័ន្ធដោយផ្ទាល់ជាមួយក្រុមហ៊ុនឡើយ ប៉ុន្តែពាក់ព័ន្ធនឹងសមាជិកមួយចំនួន នៃក្រុមប្រឹក្សានាយករបស់ក្រុមហ៊ុន។

គួរជម្រាបថា លោក Gong គឺជាអនុប្រធានក្រុមប្រឹក្សានាយករបស់ក្រុមហ៊ុន Hivision និងជាបុគ្គលដែលក្តោបក្តាប់ភាគហ៊ុនតែឯងច្រើនជាងគេគឺប្រមាណ ១៣.៤ភាគរយ រីឯលោក Hu គឺជានាយកចាត់ការទូទៅ។ បើតាមទស្សនាវដ្តី Forbes លោក Gong គឺជាបុគ្គលមានជាងគេនៅ ចំណាត់ថ្នាក់ទី ២៦ ក្នុងប្រទេសចិនជាមួយទ្រព្យសម្បត្តិខ្ទង់ ៩ពាន់លានដុល្លារ ខណៈលោក Hu ជាប់នៅចំណាត់ថ្នាក់ទី ២៦៥ នៃអ្នកដែលមានជាងគេជាមួយទ្រព្យ ១.៥ពាន់លានដុល្លារ។

ក្រុមហ៊ុន Hikvision ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពធំបំផុតនៅលើពិភពលោក ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនទាំង៨ ដែល ត្រូវបានសហរដ្ឋអាមេរិកកត់ឈ្មោះចូលបញ្ជីខ្មៅកាលពីខែតុលាផងដែរ៕