(សិង្ហបុរី)៖ តារាចម្រៀង និងសម្តែងល្បីឈ្មោះមួយរូបនៅប្រទេសសិង្ហបុរីគឺលោក អាលីហ្វ អាហ្ស៊ីស (Aliff Aziz) ត្រូវបានប៉ូលិសបង្ខំចាប់ខ្លួន នៅតាមដងផ្លូវសាធារណៈមួយកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកបានផឹកស៊ីស្រវឹង និងបង្កជម្លោះថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានសិង្ហបុរី CNA នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប៉ូលិសសិង្ហបុរីបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃអាទិត្យគេបានឃើញបុរសពីរនាក់ ឈ្លោះទាស់ទែងគ្នានៅតាមដងផ្លូវអ័រឆាដ (Orchard) ហើយក្រោយពីធ្វើការឃាត់ខ្លួន និងត្រួតពិនិត្យទើបប៉ូលិសរកឃើញថា ជនសង្ស័យទាំងពីរនាក់នេះមានផ្ទុកសារជាតិអាល់កុលដូចគ្នា ក្នុងនោះគឺម្នាក់ជាតារាចម្រៀង-សម្តែងលោក Aliff Aziz និងម្នាក់ទៀតជាដៃគូជម្លោះដែលមានវ័យ ២៨ឆ្នាំ។

គួរបញ្ជាក់ថា ប៉ូលិសសិង្ហបុរីបានបង្ខំចាប់ខ្លួនបុគ្គលទាំងពីររូបខាងលើនេះ ក៏ព្រោះតែពួកគេមិនព្រមសហការជាមួយសមត្ថកិច្ច ដើម្បីនាំខ្លួនពួកគេតាមសម្រួលទៅកាន់ប៉ុស្តិ៍ប៉ូលិស។ ខណៈដែលប៉ូលិសកំពុងបង្ខំចាប់ខ្លួន តារាចម្រៀង Alizz បានទូរស័ព្ទហៅឪពុកខ្លួនមកជួយផងដែរ ហើយសកម្មភាពនេះក៏ត្រូវបានប្រជាជនសិង្ហបុរីថត និងបង្ហោះក្នុងបណ្តាញសង្គមយ៉ាងព្រោងព្រាត។ បច្ចុប្បន្ននេះតារាចម្រៀង Aliff Aziz កំពុងទទួលការចោទប្រកាន់ពីបទចោរកម្ម និងត្រៀមឡើងទៅស្រាយបភ្លឺចំពោះមុខតុលាការ៕