(តេហេរ៉ង់)៖ នាថ្ងៃសុក្រនេះគ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ និងបានបណ្តាលឲ្យមនុស្ស ០៣នាក់ បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ចំណុចរំញ័រនៃរញ្ជួយដីខាងលើស្ថិតនៅចម្ងាយ ១១៨គីឡូម៉ែត្រភាគខាងកើតទីក្រុង តាប្រ៊ីស (Tabriz) របស់អ៊ីរ៉ង់ និងមានជម្រៅ ៥១គីឡូម៉ែត្រក្រោមផ្ទៃដី។ យោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងប្រទេសអ៊ីរ៉ង់ មនុស្សយ៉ាងហោចណាស់ ០៣នាក់បានស្លាប់ និង ២០នាក់ផ្សេងទៀតបានទទួលរងរបួស ដោយសារតែគ្រោះរញ្ជួយដីនេះ។

គួរជម្រាបថា ប្រទេសអ៊ីរ៉ង់ស្ថិតនៅលើតំបន់ ដែលងាយកើតមានសកម្មភាពរញ្ជួយផែនដីកម្រិតធ្ងន់ញឹកញាប់គួរសម មិនចាញ់ប្រទេសនៅ មហាសមុទ្រប៉ាស៊ីហ្វិកឡើយ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ គ្រោះរញ្ជួយដីកម្រិតដ៏ធ្ងន់មួយគឺ ៧.២រ៉ិចទ័រ បានវាយប្រហារចំព្រំដែនអ៊ីរ៉ង់ជាប់ជាមួយអ៊ីរ៉ាក់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់។

ចំណែកកាលពីឆ្នាំ១៩៩០ គ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ ដែលបានកើតឡើងនៅភាគខាងជើងអ៊ីរ៉ង់ បានផ្តាច់ជីវិតមនុស្សប្រមាណ ៤០,០០០នាក់ បង្កឲ្យរបួស ៣០០,០០០នាក់ និងធ្វើឲ្យប្រជាជនអ៊ីរ៉ង់ខ្ទង់កន្លះលាននាក់បាត់បង់ផ្ទះសម្បែង៕