(ញូយ៉ក)៖ ចៅក្រមមួយរូបនៅរដ្ឋញូយ៉កនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្គាប់ឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បង់ប្រាក់ចំនួន ០២លានដុល្លារ ដើម្បីជាការពិន័យសម្រាប់ការប្រើប្រាស់ មូលនិធិសប្បុរសធម៌របស់លោក ទៅជួយទ្រទ្រង់យុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំ២០១៦។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការសម្រេចនេះគឺពាក់ព័ន្ធទៅនឹងការដាក់ពាក្យបណ្តឹងរបស់ ការិយាល័យអគ្គរដ្ឋអាជ្ញានៃរដ្ឋញូយ៉កប្រឆាំងលោក ដូណាល់ ត្រាំ ព្រមទាំងកូនៗលោកចំនួន ០៣នាក់ជុំវិញការប្រើប្រាស់មូលនិធិ ដូណាល់ ត្រាំ (Donald J Trump) ខណៈមូលនិធិសប្បុរសធម៌នេះ ត្រូវបានរំសាយចោលបាត់ហើយកាលពីខែធ្នូ ឆ្នាំមុន។
ពាក្យបណ្តឹងខាងលើនេះ មានគោលដៅប្រមូលយកមកវិញនូវប្រាក់ប្រមាណ ២.៨២លានដុល្លារ ដែលត្រូវបានបរិច្ចាគទៅក្នុងមូលនិធិ Donald J Trump ក្នុងកម្មវិធីរៃអង្គាសប្រាក់មួយនៅរដ្ឋ អ៊ីយ៉ូវ៉ា (Iowa) កាលពីឆ្នាំ២០១៦ សម្រាប់អតីតយុទ្ធជនអាមេរិក។ បើតាមការិយាល័យអគ្គរដ្ឋអាជ្ញាអាមេរិក គ្រានោះលោក ត្រាំ បានអនុញ្ញាតឲ្យក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក គ្រប់គ្រងលុយបរិច្ចាគជិត ០៣លានដុល្លារនេះ។

គួរជម្រាបថា លុយ ០២លានដុល្លារដែលចៅក្រមរដ្ឋញូយ៉កបង្គាប់ឲ្យលោក ត្រាំ បង់ពិន័យនោះ ត្រូវគេរំពឹងថា នឹងបានទៅដល់ដៃអង្គការមិនរកប្រាក់កម្រៃចំនួន ០៨៕