(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងនាថ្ងៃពុធនេះថាកូរ៉េខាងត្បូងគ្រោង នឹងកាត់បន្ថយចំនួនទ័ព ឲ្យនៅត្រឹមកន្លះលាននាក់នៅឆ្នាំ២០២២។

២៖ ឆ្លើយតបទៅនឹងទង្វើដែលអាមេរិកកំពុងធ្វើ នៅភាគខាងជើងប្រទេសស៊ីរី ដោយមិនខ្វល់នឹងការរិះគន់ ថាជាអំពើប្លន់ប្រេងពីស៊ីរីនោះ ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយថា តំបន់អណ្តូងប្រេងគឺស្ថិតនៅក្នុងដែនអធិបតេយ្យ របស់ប្រទេសស៊ីរី ដូច្នេះវាគួរតែរដ្ឋាភិបាលស៊ីរីជាអ្នកគ្រប់គ្រង។

៣៖ ការប្រឹងប្រែងនៅក្នុងសភាអាមេរិកដើម្បីអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលសំដៅដាក់សម្ពាធលើប្រទេសចិន ជុំវិញបញ្ហា បាតុកម្មនៅ ទីក្រុងហុងកុងនោះ កំពុងតែជួបបញ្ហារាំងស្ទះ។

៤៖ មន្ត្រីសន្តិសុខថៃបានឱ្យដឹងនៅថ្ងៃពុធនេះថា ជនសង្ស័យជាក្រុមឧទ្ទាមបំបែករដ្ឋ បានបើកការបាញ់ប្រហារដ៏សាហាវដោយសម្លាប់មនុស្ស ១៥នាក់ និងបណ្ដាលឱ្យប្រជាការពារ ភូមិស្ម័គ្រចិត្ត ០៤នាក់រងរបួសនៅឯប៉ុស្ដិ៍ត្រួតពិនិត្យមួយកន្លែង នៃតំបន់ភាគខាងត្បូងប្រទេស។

៥៖ ខណៈសហរដ្ឋអាមេរិក និងប្រទេសចិនកំពុងព្យាយាមមូលមតិគ្នា ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទី១» ឲ្យបានឆាប់នៅក្នុងខែវិច្ឆិកានេះ ទីតាំងសម្រាប់ឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ចុះហត្ថលេខានៅមិនទាន់អាចកំណត់ច្បាស់នៅឡើយ ប៉ុន្តែមានជម្រើសមួយចំនួន ដែលអាចសាកសម។

៦៖ ប្រទេសចិននឹងគោរពពេញលេញ ចំពោះជីវភាពរស់នៅរបស់ប្រជាជន និងប្រព័ន្ធដឹកនាំសង្គមតៃវ៉ាន់ បើសិនជាកោះមួយនេះព្រមធ្វើការ «រួបរួមជាមួយចិនពេញលេញ» ព្រោះតៃវ៉ាន់ក៏នឹងទទួលបាន ការធានាសន្តិសុខដ៏យូរអង្វែង៕