(ញូដេលី)៖ រដ្ឋមន្រ្តីពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា លោក Piyush Goyal បាននិយាយថា រដ្ឋាភិបាលឥណ្ឌានឹងធ្វើការចរចាជាថ្មីឡើងវិញ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់ ដែលខ្លួនមានជាមួយបណ្តាប្រទេសនៅអាស៊ី។ នេះបើតាមការដក ស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងសន្នីសីទសារព័ត៌មានមួយនាថ្ងៃអង្គារសប្តាហ៍នេះ លោក Goyal បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជាមួយម៉ាឡេស៊ី កូរ៉េខាងត្បូង ជប៉ុន និងប្រទេសឯទៀតៗ នៅអាស៊ី សុទ្ធតែត្រូវបានចុះហត្ថលេខាទាំងតក់ក្រហល់។ បើតាមលោក Goyal ឥណ្ឌាមិនទទួល បានការបើកចំហទូលាយឲ្យចូលទៅកាន់ទីផ្សារប្រទេសណាមួយ នៅក្នុងកិច្ចព្រមព្រៀងទាំងនេះឡើយ ហើយផលប្រយោជន៍ឥណ្ឌាក៏មិន ត្រូវបានធានាដែរ។ មិនតែប៉ុណ្ណោះ ដោយសារតែកិច្ចព្រមព្រៀងទាំងនេះ ឱភាពពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយបណ្តាប្រទេសអាស៊ី បាន កើនឡើងយ៉ាងខ្លាំងក្លា គឺពី០៧ពាន់លានដុល្លារនៅឆ្នាំ២០០៤ ទៅ៧៨ពាន់លានដុល្លារនៅឆ្នាំ២០១៤។

គួរជម្រាបថា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនៃភាពជាដៃគូសេដ្ឋគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP លោក Piyush Goyal បានបញ្ជាក់ដដែលថា ឥណ្ឌានឹងមិនចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះឡើយ ប៉ុន្តែនៅតែស្វាគមន៍ការចរចាគ្នា ប្រសិនបើការទាមទាររបស់ខ្លួន ត្រូវគេទទួល យក។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP ត្រូវបានគ្រោងបង្កើតឡើងរវាងសមាជិកទាំង១០របស់អាស៊ាន និងប្រទេស០៦ទៀតដែល ជា ដៃគូពាណិជ្ជកម្មរបស់អាស៊ាន៕