(ហុងកុង)៖ បុរសម្នាក់ជាខ្មាន់កាំបិត នៅថ្ងៃពុធនេះ បានវាយប្រហារលើសមាជិកសភាហុងកុង ដែលគាំទ្រទីក្រុងប៉េកាំងលោក ជូនៀស ហូ (Junius Ho) ដែលជាអ្នកនយោបាយម្នាក់ ប្រកាន់ជំហរម៉ឺងម៉ាត់ប្រឆាំង នឹងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។ នេះបើតាមប៉ូលិសហុងកុង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប៉ូលិសហុងកុងបានឱ្យដឹងទៀតថា លោក Junius Ho ជំនួយការម្នាក់របស់លោក និងជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយពុំមានការបញ្ជាក់ពីស្ថានភាពរបួសនោះទេ។ ចំណែកឯ ចេតនាពិតប្រាកដរបស់ខ្មាន់កាំបិត ក៏មិនទាន់ត្រូវបានគេដឹងដែរ ប៉ុន្តែលោក Ho គឺជាមនុស្សម្នាក់ ដែលក្រុមបាតុករមួយចំនួនចំណាំមុខទុក និងស្គាល់យ៉ាងច្បាស់ បន្ទាប់ពីលោកត្រូវបានគេថតជាប់ ពេលកំពុងសើច និងចាប់ដៃជាមួយជនសង្ស័យជាក្រុមបងធំ ដែលបានវាយប្រហារលើក្រុមបាតុករកាលពីខែកក្កដា កន្លងទៅ។

គួរជម្រាបថា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលទីក្រុងហុងកុងត្រូវបានគេរំពឹងថា នឹងប្រមូលផ្ដុំគ្នាធ្វើការតវ៉ាជាថ្មី នៅតាមសាកលវិទ្យាល័យមួយចំនួន ក្រោយប៉ះទង្គិចគ្នាដោយហិង្សាជាមួយអាជ្ញាធរ ក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃអង្គារ៕