(បាងកក)៖ មន្ត្រីសន្តិសុខថៃបានឱ្យដឹងនៅថ្ងៃពុធនេះថា ជនសង្ស័យជាក្រុមឧទ្ទាមបំបែករដ្ឋ បានបើកការបាញ់ប្រហារដ៏សាហាវដោយសម្លាប់មនុស្ស ១៥នាក់ និងបណ្ដាលឱ្យប្រជាការពារ ភូមិស្ម័គ្រចិត្ត ០៤នាក់រងរបួសនៅឯប៉ុស្ដិ៍ត្រួតពិនិត្យមួយកន្លែង នៃតំបន់ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការវាយប្រហារខាងលើបានកើតឡើងកាលពីយប់ថ្ងៃអង្គារម្សិលមិញ នៅឯត្រួតពិនិត្យមួយកន្លែង ក្នុងខេត្ត យ៉ាឡា (Yala) ភាគខាងត្បូងប្រទេសថៃ ហើយក្រៅពីការបាញ់ប្រហារ ក្រុមជនប្រដាប់អាវុធក៏បានប្រើប្រាស់គ្រឿងផ្ទុះផងដែរ ខណៈអាជ្ញាធរថៃចាត់ទុកថា នេះគឺជាការវាយប្រហារដ៏អាក្រក់បំផុតក្នុងឆ្នាំ២០១៩ នេះតែម្តង។ ប៉ុន្តែពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវ លើការវាយប្រហារនេះនៅឡើយទេ។

គួរបញ្ជាក់ថា ជម្លោះនៅក្នុងខេត្ត Yala, ផាត់តានី (Pattani) និងខេត្តណារ៉ាត់ធីវ៉ាត់ (Narathiwat) បានផ្ទុះឡើងអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ដោយបានផ្ដាច់ជីវិតមនុស្សជិត ៧,០០០នាក់ ចាប់តាំងពីឆ្នាំ២០០៤។ Yala, Pattani និងខេត្ត Narathiwat ធ្លាប់ជាផ្នែកមួយនៃអតីតទឹកដីម៉ាឡេ មុននឹងថៃបញ្ចូលខេត្ត ទាំងបីនេះទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួននៅឆ្នាំ១៩០៩។ ចំណែកឯក្រុមសកម្មប្រយុទ្ធមួយចំនួននៅ តំបន់ភាគខាងត្បូងប្រទេសថៃបានអះអាងថា ពួកគេកំពុងតស៊ូប្រយុទ្ធដើម្បីបង្កើតរដ្ឋឯករាជ្យមួយ៕