(ប៉េកាំង)៖ ពីឡុតចិនម្នាក់ត្រូវជាប់បំរាមបើកយន្ដហោះអស់មួយជីវិត បន្ទាប់ពីរូបថតរបស់អ្នកដំណើរជាស្រ្ដីម្នាក់ អង្គុយថតរូបលេងនៅក្នុងកន្លែងបញ្ជាយន្ដហោះ ត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមនាពេលថ្មីៗនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមសារព័ត៌មាន Global Times រូបថតស្រី្តខាងលើត្រូវបានថតនៅលើជើងហោះហើរ នៃក្រុមហ៊ុនអាកាសចរណ៍គួយលីន (Air Guilin) ក្នុងដំណើរផ្លូវពីទីក្រុង Guilin ឆ្ពោះទៅកាន់ទីក្រុង យ៉ាងចូវ (Yangzhou) កាលពីថ្ងៃទី០៤ ខែមករា ដើមឆ្នាំ២០១៩ មកម្ល៉េះ។ ប៉ុន្តែវាទើបតែត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម នៅក្នុងសប្ដាហ៍នេះប៉ុណ្ណោះ ជាហេតុតម្រូវឱ្យក្រុមហ៊ុន Air Guilin ត្រូវចាត់វិធានការជាបន្ទាន់ ជាមួយការហាមពីឡុតម្នាក់ (មិនបញ្ជាក់អត្តសញ្ញាណ) មិនឲ្យបើកយន្ដហោះអស់មួយជីវិត ហើយបុគ្គលិកមួយចំនួនទៀតដែលពាក់ព័ន្ធក្នុងឧប្បដិហេតុនេះ ក៏ត្រូវបានព្យួរការងារផងដែរ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង។

គួរបញ្ជាក់ថា បើតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន អ្នកដំណើរមិនត្រួវបានអនុញ្ញាតឱ្យចូលកន្លែង បញ្ជាយន្ដហោះរបស់ពីឡុតនោះទេ លើកលែងតែមានការអនុញាតពិសេសតែប៉ុណ្ណោះ។ ដូច្នេះក្រុមហ៊ុន Air Guilin បានបញ្ជាក់ថា ពីឡុតបើកយន្ដហោះខាងលើ បានរំលោភពានលើច្បាប់ស្ដីពី សុវត្ថិភាពអាកាសចរណ៍៕