(បាកដាដ)៖ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ នៅថ្ងៃចន្ទនេះ បានបើកការបាញ់ប្រហារដោយប្រើគ្រាប់កំាភ្លើងពិត លើហ្វូងបាតុករ ក្នុងរដ្ឋធានីបាកដាដ ដោយបណ្ដាលឱ្យមនុស្ស៥នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើសាក្សី និងអ្នករាយការណ៍របស់ខ្លួន នៅកន្លែង កើតហេតុ។ ម្យ៉ាងវិញទៀត អំពើហិង្សានេះ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាឌែល អាប់ឌុល ម៉ាហ៍ឌី (Adel Abdul Mahdi) បានអំពាវនាវឱ្យក្រុមបាតុករទាំងអស់បញ្ឈប់ការធ្វើបាតុកម្ម និងអំពើហិង្សា ជាបន្ទាន់ ដើម្បីចូលរួមចំណែកស្ដារស្ថានការណ៍ និងការរស់នៅរបស់ប្រជាជនទូទាំងប្រទេស ឱ្យត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។

គួរជម្រាបថា បាតុកម្មតវ៉ានៅក្នុងប្រទេសអ៊ីរ៉ាក់ បានផ្ទុះឡើងតាំងតែពីដើមខែតុលាមកម្ល៉េះ ដោយក្រុមបាតុករបាននាំគ្នា ប្រឆាំងជំទាស់ ក៏ដូចជាទាមទារឱ្យរដ្ឋាភិបាលទីក្រុងបាកដាដ ដោះស្រាយបញ្ហាអំពើពុករលួយ និងបញ្ហាក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគេ។ ប៉ុន្តែនៅក្នុងបាតុកម្មតវ៉ានេះ អំពើហិង្សាក៏បានផ្ទុះឡើងផងដែររវាងអាជ្ញាធរ និងបាតុករ ដោយបណ្ដាលឱ្យមនុស្សច្រើនជាង ២៥០នាក់បាតបង់ជីវិតរួចមកហើយ៕