(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអាហារដ៏ល្បីរបស់សហរដ្ឋអាមេរិក McDonald បានបណ្ដេញនាយកប្រតិបត្តិ (CEO) លោក Steve Easterbrook ចេញពីតំណែងហើយ ដោយសារតែមានទំនាក់ទំនងស្នេហាជាមួយបុគ្គលិក មិនត្រូវបានបញ្ជាក់អត្តសញ្ញាណម្នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រុមហ៊ុន McDonald បានបញ្ជាក់ទៀតថាទំនាក់ទំនងស្នេហាខាងលើគឺមានការព្រមព្រៀងគ្នា ប៉ុន្តែលោក Easterbrook បាន រំលោភលើគោលការណ៍ក្រុមហ៊ុន និងមានភាពលម្អៀងក្នុងការវិនិច្ឆ័យ។ តែយ៉ាងណាក៏ដោយ លោក Easterbrook ផ្ទាល់ បានទទួលស្គាល់ទំនាក់ទំនងស្នេហានេះ ដោយចាត់ទុកថាវាគឺជាកំហុសឆ្គង ព្រមទាំង ទទួលយកតាមការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផងដែរ ហើយលោក Chris Kempczinski ដែលជាប្រធានក្រុមហ៊ុន McDonald នៅសហរដ្ឋអាមេរិកនឹងឡើងមកកាន់តំណែងជំនួស រូបលោកភា្លមៗតែម្ដង។

គួរជម្រាបថា លោក Steve Easterbrook មានអាយុ៥២ឆ្នាំ ដែលធ្លាប់បានលែងលះម្ដងរួចហើយ បានចូលបម្រើការងារក្នុងក្រុមហ៊ុន McDonald នៅឆ្នាំ១៩៩៣ ដោយមានមានតួនាទីជាអ្នកគ្រប់គ្រងម្នាក់ប្រចាំ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មុននឹងឡើងកាន់តំណែងជា CEO ក្រុមហ៊ុន McDonald នៅឆ្នាំ២០១៥៕