(អាមេរិកកណ្តាល)៖ រដ្ឋាភិបាលនៃប្រទេស El Salvador បានសម្រេចទុកពេល៤៨ម៉ោង ដើម្បីឲ្យមន្រ្តីទូតទាំងអស់របស់ប្រទេស​វេណេស៊ុយអេឡាវិលត្រឡប់ទៅស្រុកដើមវិញ បន្ទាប់ពីប្រធានាធិបតី El Salvador លោក Nayib Bukele បាននិយាយថាអាមេរិក​ជាសម្ព័ន្ធមិត្តលេខមួយរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសមួយច្បាប់ ការសម្រេចចិត្តខាងលើត្រូវបានធ្វើឡើងដោយស្របទៅតាម សំឡេងឆ្នោតរបស់ El Salvador នៅក្នុងអង្គការនៃបណ្តារដ្ឋនៅទ្វីបអាមេរិកទាំងខាងជើងនិងខាងត្បូងហៅថាកាត់ OAS ដែលគាំទ្ររបាយការណ៍របស់ការិយាល័យ​ឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្សស្តីពីការថ្កោលទោសលើបញ្ហារំលោភសិទ្ធិមនុស្សនៅវេណេស៊ុយអេឡា។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ El Salvador លោក Ronald Johnson បានស្ងើចសរសើរចំពោះការសម្រេចចិត្តរបស់​រដ្ឋបាលលោក Bukele ហើយបាននិយាយថាលោកប្រធានាធិបតី El Salvador កំពុងតែដើរលើផ្លូវត្រូវនៃប្រវត្តិសាស្រ្តដោយទទួល​ស្គាល់លោក Juan Guaido ជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា។

គួរជម្រាបថា លោក Nayib Bukele បានឡើងកាន់តំណែងជាប្រធានាធិបតី El Salvador កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ ហើយចាប់តាំងពីពេលនោះមក លោកបានដកខ្លួនឃ្លាតឆ្ងាយពីវេណេស៊ុយអេឡា ហើយប្រកាសលើកតម្កើងសហរដ្ឋអាមេរិកថាជា​សម្ព័ន្ធមិត្តដ៏អស្ចារ្យបំផុតរបស់ប្រទេសលោក៕