(ហាណូយ)៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានបង្គាប់ឲ្យបញ្ជូនក្រុមមន្រ្តីទៅកាន់ចក្រភពអង់គ្លេសភ្លាមៗ បន្ទាប់ពីទទួលបានដំណឹងថា ពិតជាមានជនជាតិវៀតណាមនៅក្នុងចំណោមជនរងគ្រោះទាំង៣៩នាក់ ដែលបានបាត់បង់ជីវិតក្នុង​ទូរកុងតឺន័រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Phuc បានបង្គាប់ឲ្យក្រសួងសន្តិសុខសាធារណៈនិងក្រសួងការបរទេសវៀតណាម បញ្ជូនប្រតិភូជាបន្ទាន់ដែលដឹកនាំដោយ​រដ្ឋមន្រ្តីនៃក្រសួងទាំងពីរទៅកាន់ចក្រភពអង់គ្លេស ដើម្បីសហការជាមួយអាជ្ញាធរឡុងដ៍។ លោកនាយករដ្ឋមន្រ្តីវៀតណាម ក៏បាន​បញ្ជាឲ្យអាជ្ញារវៀតណាមប្រចាំមូលដ្ឋាន ចេញចំណាត់ការតាមការគួរ ដើម្បីមើលថែគ្រួសារដែលអាចមានសាច់ញាតិក្នុងចំណោម​ជនរងគ្រោះនៅអង់គ្លេស ហើយជួយលើកទឹកចិត្តពួកគេឆ្លងកាត់ពេលវេលាទុក្ខសង្រេងដ៏ធំធេងនេះឲ្យបានឆាប់ៗផងដែរ។

គួរជម្រាបថា ស្ថានទូតអង់គ្លេសប្រចាំទីក្រុងហាណូយ បានបញ្ជាក់ព័ត៌មានមកកាន់ អាជ្ញាធរវៀតណាមថា ពិតជាមានជនជាតិវៀតណាមប្រាកដមែន នៅក្នុងចំណោមសាកសពទាំង ៣៩នាក់ ដែលត្រូវបានរកឃើញក្នុងទូរកុងតឺន័រ នៅតំបន់ Essex ប៉ុន្តែគេមិនទាន់អាចបញ្ជាក់អំពីចំនួនសាកសព ឬក៏អត្តសញ្ញាណជនរងគ្រោះវៀតណាមទាំងនោះឡើយ៕