(តូក្យូ)៖ ភ្នំភ្លើងមួយឈ្មោះ Io ដែលស្ថិតលើកោះ Satsuma-Iojima ក្នុងខេត្ត Kagoshima ប្រទេសជប៉ុន បានផ្ទុះកាលពីល្ងាចថ្ងៃសៅរ៍​​ម្សិលមិញនេះ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Japan Times នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ហេតុការណ៍នោះពុំបានបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ តែវាបានបាញ់ជះកម្អែរផេះនិងផ្សែងកម្ពស់ប្រមាណជាង១ពាន់ម៉ែត្រ​​ឡើងទៅលើផ្ទៃអាកាស។ ទីភ្នាក់ងារឧតុនិយមជប៉ុន ក៏បានសម្រេចដំឡើងកម្រិតប្រុងប្រយ័ត្នសម្រាប់ភ្នំភ្លើងនេះដល់កម្រិតទី២ ក្នុង​ចំណោមកម្រិតចំនួន៥ ដោយស្នើឲ្យប្រជាជនកុំនៅក្បែរវា ហើយព្រមានពីលទ្ធភាពនៃការខ្ទាតដុំថ្មឬកម្ទេចផេះ ធ្លាក់មកក្នុងបរិវេណ​ប្រហែល១គីឡូម៉ែត្រជុំវិញមាត់ភ្នំភ្លើង។

គួរជម្រាបថា បើតាមអាជ្ញាធរជប៉ុន នេះគឺជាការផ្ទុះលើកដំបូងរបស់ភ្នំភ្លើង Io គិតចាប់តាំងតែពីខែមិថុនា ឆ្នាំ២០១៣មក ហើយអាច​មានការផ្ទុះជាបន្តបន្ទាប់ទៀត៕