(ឡូសអាន់ជែឡេស)៖ ភ្លើងឆេះព្រៃនៅក្នុងរដ្ឋកាលីហ្វរញ៉ាភាគនិរតីសហរដ្ឋអាមេរិក បាននិងកំពុងរីករាលដាលកាន់តែខ្លាំងហើយ ដោយវាបានលេបត្របាក់ផ្ទះប្រជាជន អស់ជាច្រើនខ្នងរួចមកហើយនៅភាគខាងជើង និងខាងត្បូងរដ្ឋ ហើយដោយឡែកតំបន់ផលិតប្រេងស្ថិតនៅភាគត្បូង គឺកំពុងតែប្រឈមមុខបញ្ហាធំ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

អាជ្ញាធររដ្ឋកាលីហ្វរញ៉ាបានបញ្ជាក់ថា ភ្លើងឆេះព្រៃបច្ចុប្បន្ននេះកំពុងតែរំកិលយ៉ាងលឿន ដោយសារឥទ្ធិពលនៃអាកាសធាតុក្តៅស្ងួត ហើយគិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ (ម៉ោងនៅកាលីហ្វរញ៉ា) តំបន់សហគមន៍ចំការដំណាំដ៏ធំមួយមានឈ្មោះថា សាន់តា ផូឡា (Santa Paula) កំពុងប្រឈមមុខភ្លើងឆេះព្រៃ ដែលស្ថិតនៅចម្ងាយប្រមាណ ១១៣គីឡូម៉ែត្រភាគពាយ័ព្យទីក្រុងឡូសអាន់ជែឡេស។

ខណៈដែលភ្លើងឆេះព្រៃឈ្មោះ ម៉ារៀ (Maria) បានលេបត្របាក់ផ្ទៃដីព្រៃរបោះ និងវាលស្មៅប្រមាណ ៣,៦៤២ហិកតារួចទៅហើយនោះ ក្រុមពន្លត់អគ្គីភ័យក៏នៅតែព្យាយាមតស៊ូបាញ់ទឹកទៅលើតំបន់ជុំវិញវា ដើម្បីការពារដល់ចំការក្រូច និងបឺរ ដែលមានតម្លៃរាប់សិបលានដុល្លារ ជាពិសេសគឺតំបន់ឧស្សាហកម្មផលិតប្រេង ដែលស្ថិតនៅក្បែរៗតំបន់នោះដែរ។

គួរបញ្ជាក់ថា ដោយសារកំពុងស្ថិតនៅក្នុងគ្រាអាសន្ននៅឡើយ តួលេខនៃគ្រោះមហន្តរាយជារួម ដូចជាចំនួនលំនៅឋានដែលត្រូវបានឆាបឆេះ ឬក៏មនុស្សរងគ្រោះ នៅមិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ប៉ុន្តែក្រុមពន្លត់អគ្គីភ័យសរុប ១,៣០០នាក់ កំពុងបំពេញប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃខាងលើនេះ។ អាជ្ញាធររដ្ឋកាលីហ្វរញ៉ាបានបញ្ជាក់ថា លំនៅឋានប្រជាជនជាង ២,៧០០ខ្នងប្រឈមមុខការឆាបឆេះ ខណៈមនុស្សជាង ១០,៨០០នាក់ត្រូវបង្ខំឲ្យជម្លៀសនៅភាគខាងត្បូង៕