(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមពិតជាមានការសោកស្តាយ យ៉ាងជ្រាលជ្រៅជាទីបំផុត បន្ទាប់ពីអាជ្ញាធរអង់គ្លេសបានអះអាងថា ពិតជាមានជនជាតិវៀតណាមស្ថិតនៅក្នុងចំណោម សាកសពទាំង ៣៩នាក់ ដែលត្រូវបានរកឃើញក្នុងទូរកុងតឺន័រនៅតំបន់ អ៊ែសសិក (Essex) ចក្រភពអង់គ្លេស កាលពីខែតុលាកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី ឡេ ធីធូ (Le Thi Thu) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះតែម្តងថា «វាជាវិនាសកម្មនៃមនុស្សជាតិដ៏អាក្រក់មួយ... យើងពិតជាមានទុក្ខក្រៀមក្រំជាខ្លាំង ហើយក៏សូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃជនរងគ្រោះវៀតណាមទាំងអស់ផងដែរ និងសូមឲ្យពួកគេព្យាយាមឆ្លងកាត់ ក្តីសោកសង្រេងនេះឲ្យបានកាន់តែឆាប់...»

គួរបញ្ជាក់ថា ស្ថានទូតអង់គ្លេសប្រចាំទីក្រុងហាណូយ បានបញ្ជាក់ព័ត៌មានទៅកាន់ អាជ្ញាធរវៀតណាមថា ពិតជាមានជនជាតិវៀតណាមប្រាកដមែន នៅក្នុងចំណោមសាកសពទាំង ៣៩នាក់ ដែលត្រូវបានរកឃើញក្នុងទូរកុងតឺន័រ នៅតំបន់ Essex ប៉ុន្តែគេមិនទាន់អាចបញ្ជាក់អំពីចំនួនសាកសព ឬក៏អត្តសញ្ញាណជនរងគ្រោះវៀតណាមទាំងនោះឡើយ។ បច្ចុប្បន្នមន្ត្រីវៀតណាម កំពុងតែបន្តធ្វើការជាមួយមន្ត្រីជំនាញអង់គ្លេសនៅឡើយ៕