(ញូដេលី)៖ រដ្ឋធានីញូដេលីរបស់ប្រទេសឥណ្ឌា បានជួបវិបត្តិសាជាថ្មីទៀតហើយ នោះគឺធាតុពុលក្នុងខ្យល់អាកាស បានលោតឡើងដល់កម្រិតកំពូល ជាហេតុបង្ខំឲ្យអាជ្ញាធរចេញបញ្ជា ឲ្យបិទសាលារៀនទាំងអស់ជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ខណៈប្រជាជនក្នុងទីក្រុងត្រូវបានណែនាំ ឲ្យព្យាយាមស្ថិតនៅក្នុងលំនៅឋាន ឬពាក់ម៉ាស់ជាប់ជានិច្ចពេលដើរទៅណាមកណាតាមផ្លូវ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ខណៈដែលរដ្ឋធានីទាំងមូល មានបរិយាកាសមិនល្អដោយសារផ្សែងពុលស្រាប់ទៅហើយ ភ្លើងឆេះចំការដំណាំដែលបាននិងកំពុងកើតមានឡើង នៅតាមរដ្ឋមួយចំនួនជាប់ទីក្រុងញូដេលី បានធ្វើឲ្យផ្សែងហុយពាសពេញតំបន់ភាគខាងជើង និងទីក្រុងញូដេលីបន្ថែមទៀត។ ករណីភ្លើងឆេះចំការដំណាំទាំងនេះ ត្រូវបានអាជ្ញាធរឥណ្ឌាអះអាងថា បានកើតមានឡើងដោយសារអាកាសធាតុក្តៅស្ងួត ដែលបានបោកបក់មកកាន់ភាគខាងជើងឥណ្ឌា។

បើតាមមន្ត្រីជំនាញរបស់ឥណ្ឌាបញ្ជាក់ថា រយៈពេលមួយសប្តាហ៍ទៀត ស្ថានការណ៍អាចនឹងធូរស្រាល។ ការបិទសាលារៀននេះ គឺដើម្បីបញ្ចៀសកុំឲ្យក្មេងៗទទួលរងគ្រោះដោយសារផ្សែងពុល ខណៈអាជ្ញាធរកំពុងបង្កើនចំនួនឧបករណ៍ ដើម្បីតាមដានកម្រិតជាតិពុលក្នុងខ្យល់៕