(បរទេស)៖ ក្រុមភេរវករ ISIS នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទទួលស្គាល់ការស្លាប់នៃមេដឹកនាំរបស់ខ្លួន គឺលោក Abu Bakr al-Baghdadi ហើយប្រកាសពីការតែងតាំងមេដឹកនាំថ្មី ឈ្មោះ Abu Ibrahim al-Hashimi al-Quraishi និងប្តេជ្ញាសងសឹកប្រឆាំងសហរដ្ឋអាមេរិកវិញ ចំពោះការធ្វើឃាតលោក Baghadadi។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។

តាមរយៈខ្សែអាត់សំឡេងមួយ អ្នកនាំពាក្យរបស់ក្រុម ISIS គឺលោក Abu Hamza al-Quraishi បានឲ្យដឹងថា ពួកគេបានកាន់ទុក្ខលោក al-Baghdadi ប៉ុន្តែក៏បានសម្រេច តែងតាំងមេដឹកនាំថ្មីផងដែរ គឺលោក Abu Ibrahim al-Hashimi al-Quraishi។ យ៉ាងណាមិញ ព័ត៌មានពាក់ព័ន្ធមេដឹកនាំ ISIS ថ្មីរូបនេះ គឺពុំមាននរណាដឹងច្បាស់ឡើយ។ ម៉្យាងវិញទៀត ក្រុម ISIS ក៏បានទទួលស្គាល់ការស្លាប់របស់លោក Abu Hassan al-Muhajir ដែលបានកាន់តំណែងអ្នកនាំពាក្យរបស់ ISIS មុនលោក Abu Hamza al-Quraishi ក្នុងប្រតិបត្តិការវាយឆ្មក់ កាលពីប៉ុន្មានថ្ងៃមុនថែមទៀតផង។ សម្រាប់សហរដ្ឋអាមេរិកដែលជាអ្នកធ្វើឃាតមេដឹកនាំខ្លួន ក្រុម ISIS បានព្រមានថា កុំទាន់អាល សប្បាយចិត្តឲ្យសោះ ព្រោះខ្លួននឹងធ្វើការ សងសឹកចំពោះការស្លាប់របស់លោក Baghdadi។

គួរជម្រាបថា លោក Abu Bakr al-Baghdadi ដែលបានដឹកនាំក្រុមភេរវករ ISIS ចាប់តាំងតែពីឆ្នាំ២០១៤មក ត្រូវបានកងកម្លាំងពិសេសរបស់អាមេរិកសម្លាប់ចោលបាន សម្រេច ក្នុងប្រតិបត្តិការវាយឆ្មក់មួយនៅខេត្ត Idlib ភាគពាយ័ព្យប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ នាដើមសប្តាហ៍នេះ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ប្រាប់ ថា សាកសពរបស់លោក Baghdadi ត្រូវបានបោះចោលចូលទៅក្នុងសមុទ្រ។ ភ្លាមៗក្រោយការស្លាប់របស់លោក ក៏មានសេចក្តីរាយការណ៍ភ័ន្តច្រឡំដែរថា បុគ្គលឈ្មោះ Abdullah Qardash ត្រូវបានតែងតាំងជាមេដឹកនាំថ្មីរបស់ ISIS៕