(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានចេញមុខអះអាងថា កាលពីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខ្លួនទទួលជោគជ័យថ្មីមួយទៀតក្នុងការបាញ់សាកល្បងប្រព័ន្ធមីស៊ីល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀកថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នា២០១៩។

កាលពីម្សិលមិញនេះ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន២គ្រាប់ ចេញពីតំបន់ភាគខាងលិចប្រទេស ឆ្ពោះទៅកាន់សមុទ្រខាងកើត (សមុទ្រជប៉ុន) ដោយមីស៊ីលទាំងពីរនោះហោះបានចម្ងាយប្រហែល៣៧០គីឡូម៉ែត្រ នៅរយៈកម្ពស់អតិបរមា៩០គីឡូម៉ែត្រ។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ប្រព័ន្ធមីស៊ីលនោះគឺជាប្រព័ន្ធបាញ់មីស៊ីលធំៗបានម្តងច្រើនគ្រាប់។ ទីភ្នាក់ងារ KCNA បានបញ្ជាក់ថា លោក គីម ជុងអ៊ុន បានសម្តែងការពេញចិត្តជាខ្លាំងចំពោះ លទ្ធផលនៃការធ្វើតេស្ត ហើយលោកបានផ្ញើសារអបអរសាទរដល់ក្រុមអ្នកជំនាញ ដែលបានអភិវឌ្ឍប្រព័ន្ធសព្វាវុធនេះ។

គួរជម្រាបថា វាគឺជាការធ្វើតេស្តមីស៊ីលលើកទី១២ហើយរបស់កូរ៉េខាងជើងនៅក្នុងឆ្នាំ២០១៩នេះ ខណៈកាលពីកំឡុងដើមខែតុលាកន្លងទៅ ទីក្រុងព្យុងយ៉ាងទើបតែ បានសម្រេចជោគជ័យក្នុងការធ្វើតេស្តបាញ់មីស៊ីលផ្លោងចេញពីនាវាមុជទឹក៕