(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែមិនព្រមផ្តល់ជំនួយផ្នែកសន្តិសុខទំហំ ១០៥លានដុល្លារសម្រាប់ប្រទេសលីបង់ ដោយពុំមានការបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយ ខណៈប្រទេសនេះបានកើតមានបាតុកម្ម ដែលបានបង្ខំឲ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែងរួចមកហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមប្រភពព័ត៌មានពីមន្រ្តីអាមេរិកពីររូប ក្រសួងការបរទេសអាមេរិកនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រាប់សភាអាមេរិកថា ការិយាល័យកញ្ចប់ថវិការបស់សេតវិមាន និងក្រុមប្រឹក្សាសន្តិសុខជាតិ បានសម្រេចចិត្តបង្ខាំងទុកជំនួយផ្នែកយោធាសម្រាប់លីបង់ ដោយមិនបញ្ជាក់ហេតុផលនោះឡើយ។

កន្លងមករដ្ឋបាលលោក ដូណាល់ ត្រាំ បានព្យាយាមសុំការអនុញ្ញាតពីសភា ក្នុងការផ្តល់ជំនួយផ្នែកយោធានេះក្រោមហេតុផលថា វាចាំបាច់សម្រាប់លីបង់ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់អាមេរិកនៅមជ្ឈិមបូព៌ា ក្នុងការការពារព្រំដែនរបស់ខ្លួន។ ក្នុងជំនួយនោះរួមមានឧបករណ៍ដែលអាចមើលឃើញពេលយប់ និងអាវុធដែលត្រូវប្រើតាមបណ្តោយព្រំដែនជាដើម។ ប៉ុន្តែទន្ទឹមគ្នានេះ ទីក្រុងវ៉ាស៊ីនតោនក៏បានបង្ហាញក្តីព្រួយបារម្ភ ជុំវិញការកើនឡើងនៃតួនាទីរបស់ក្រុម ហេសបូលឡាហ៍ (Hezbollah) នៅក្នុងរដ្ឋាភិបាលលីបង់។

គួរជម្រាបថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ នាយករដ្ឋមន្រ្តីលីបង់ លោក សាអាដ អាល់ហារីរី (Saad al-Hariri) ទើបតែបានប្រកាសលាលែងពីតំណែង នៅចំពោះមុខការធ្វើបាតុកម្មទ្រង់ទ្រាយធំ ខណៈមុនពេលចុះចេញពីអំណាច លោកបានបរាជ័យក្នុងបញ្ចុះបញ្ចូលបរទេស ឲ្យបញ្ចេញជំនួយរបស់ពួកគេសរុបទំហំប្រមាណ ១១ពាន់លានដុល្លារ ដែលត្រូវបានសន្យាផ្តល់ឲ្យប្រទេសមជ្ឈិមបូព៌ាមួយនេះ កំឡុងសន្និសីទមួយក្នុងទីក្រុងប៉ារីសកាលពីឆ្នាំ២០១៨៕