(វ៉ាស៊ីនតោន)៖ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការយោធា និងនយោបាយលោក ក្លាក ឃូពើ (Clarke Cooper) នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានលើកឡើងថា សហរដ្ឋអាមេរិកកំពុងតែចាប់ផ្តើមបាត់បង់ឥទ្ធិពលក្នុងវិស័យជំនួញសព្វាវុធ នៅចំពោះមុខការ ប្រកួតប្រជែងពីរុស្ស៊ី និងចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Cooper បាននិយាយថា ប្រទេសចិន និងរុស្ស៊ីជាគូប្រជែងផ្នែកយុទ្ធសាស្រ្តដ៏ធំរបស់អាមេរិក ខណៈកិច្ចប្រឹងប្រែងរបស់ប្រទេសទាំងពីរនេះ បានឈានឲ្យមានការរីកសាយ នៃសព្វាវុធនៅជុំវិញពិភពលោក។ លោក Cooper បានគូសបញ្ជាក់ថា សព្វថ្ងៃរុស្ស៊ីកំពុងតែប្រឹងប្រែងជាខ្លាំង ដើម្បីពង្រីកវត្តមានសព្វាវុធរបស់ខ្លួន ជាពិសេសប្រព័ន្ធការពារដែនអាកាស S-400 នៅតាមប្រទេសដទៃទៀត ខណៈដែលចិនកំពុងធ្វើការផ្គត់ផ្គង់របស់ជាច្រើនប្រភេទ រួមមានចាប់តាំងពីរថពាសដែកសម្រាប់ដឹកកងទ័ព និងដ្រូនសម្រាប់ប្រយុទ្ធ។

គួរជម្រាបថា បើតាមលោក Clarke Cooper ប្រទេសដូចជារុស្ស៊ី និងចិន កំពុងតែប្រើប្រាស់ការលក់សព្វាវុធ និងជំនួយយោធា ដើម្បីបន្សាបឥទ្ធិពលរបស់អាមេរិក ហើយពង្រឹងឥទ្ធិពលរបស់ពួកគេ។ លោក Clarke ក៏បានកត់សម្គាល់ផងដែរថា វាគឺជាលើកទីមួយហើយគិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់ ដែលសហរដ្ឋអាមេរិកហាក់ចាប់ផ្តើមបាត់បង់ឥទ្ធិពល ក្នុងការលក់សព្វាវុធនៅលើពិភពលោក ស្របពេលដែលប្រទេសជាច្រើនយល់ឃើញថា ការចាប់ដៃគូក្នុងវិស័យសន្តិសុខ និងការពារជាតិជាមួយអាមេរិក គឺមិនមែនជារឿងសំខាន់ទៀតឡើយ ប៉ុន្តែជាជម្រើសមួយទៅវិញ៕