(វ៉ាស៊ីនតោន)៖ សភាអាមេរិកដែលមានការបែកខ្ញែកគ្នាយ៉ាងជ្រាលជ្រៅនោះ នៅទីបំផុតបានសម្រេចចេញនូវ ជំហានដ៏សំខាន់ថ្មីមួយទៀត នោះគឺការអនុម័តឲ្យមានកិច្ចដំណើរនីតិវិធី ដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីជាផ្លូវការតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) និងជាសមាជិកជាន់ខ្ពស់មួយរូប នៃគណបក្សប្រជាធិបតេយ្យកំពុងគ្រប់គ្រងសភា (រដ្ឋសភា) បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះសភាបានបោះជំហានទៅមុខបន្ថែមទៀត ព្រោះយើងបានអនុញ្ញាតឲ្យអនុវត្តនីតិវិធី សម្រាប់ការបើកចំហរឿងក្តីនេះ... ហេតុដូច្នេះហើយសាធារណជន នឹងអាចមើលឃើញអំពីការពិតដោយខ្លួនពួកគេផ្ទាល់...។ គ្រប់យ៉ាងដែលយើងបានធ្វើទាំងអស់នេះ គឺគ្មានអ្វីក្រៅតែដើម្បីលទ្ធិប្រជាធិបតេយ្យរបស់យើងនោះទេ»។

គួរបញ្ជាក់ថា អ្វីដែលបានកើតឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ (ពេលវេលានៅវ៉ាស៊ីនតោន) គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ប្រធានាធិបតីអាមេរិក ដែលត្រូវបានសភារៀបចំនីតិវិធី ដើម្បីទម្លាក់ចេញពីតំណែងបែបនេះ។ សភាតំណាងរាស្ត្រ របស់សហរដ្ឋអាមេរិកបានបោះឆ្នោតគាំទ្រជាមួយនឹងសំឡេង ២៣២ លើ ១៩៦សំឡេង ដើម្បីឲ្យមានការបន្តស៊ើបអង្កេតចូលដល់តំណាក់កាលថ្មីមួយទៀត និងត្រូវបើកចំហជាសាធារណតែម្តងសម្រាប់ដំណើរការទាំងមូល។

គណបក្សប្រជាធិបតេយ្យបានចោទប្រកាន់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ថាបានស្នើឲ្យបរទេសលូកលាន់កិច្ចការបោះឆ្នោតអាមេរិក ដែលសមាជិកបក្សមួយចំនួនទៀតបានចោទថា «ជាទង្វើក្បត់ជាតិ»។ ដោយឡែកលោក ដូណាល់ ត្រាំ វិញបានសរសេរបង្ហោះនៅលើ Twitter របស់លោកកន្លងមកនេះថា អ្វីដែលបក្សប្រជាធិបតេយ្យកំពុងធ្វើ គឺជាទង្វើព្រាយបិសាចដ៏សាហាវបំផុត ប្រចាំប្រវត្តិសាស្ត្រអាមេរិក៕