(អូស្ត្រាលី)៖ អាកាសចរណ៍កាន់តាស់ (Qantas) របស់ប្រទេសអូស្ត្រាលី បានសម្រេចផ្អាកប្រតិបត្តិការរបស់យន្តហោះ Boeing 737 NG របស់ខ្លួនមួយគ្រឿង ក្រោយការពិនិត្យឃើញថា មានស្នាមប្រេះនៅទីតាំងជិតស្លាបរបស់វា។ នេះបើតាមការចេញផ្សាយដោយ BBC នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។

ក្រុមហ៊ុន Qantas បានឲ្យដឹងទៀតថា ការត្រួតពិនិត្យយន្តហោះប្រភេទ Boeing 737 NG ទាំងអស់កំពុងប្រព្រឹត្តទៅហើយ បន្ទាប់ពីកើតមានករណីរកឃើញស្នាមប្រេះខាងលើនេះ។ បើតាមការផ្សាយរបស់ AFP គិតទាំងករណីអូស្ត្រាលីមួយទៀតនេះ យន្តហោះប្រភេទ Boeing 737 NG ដែលត្រូវបានផ្អាកដំណើរការទូទាំងពិភពលោក បានកើនឡើងដល់ ៥០គ្រឿងហើយ។ ដោយឡែកកាលពីសប្តាហ៍មុន អាកាសចរណ៍ Korean Air របស់កូរ៉េខាងត្បូងក៏បានសម្រេចផ្អាកប្រតិបត្តិការ យន្តហោះប្រភេទនេះទាំងអស់ផងដែរ។

គួរបញ្ជាក់ថា ទាំងក្រុមហ៊ុន Qantas និងក្រុមហ៊ុនផ្សេងៗទៀតដែលបានផ្អាកធ្វើប្រតិបត្តិការ Boeing 737 NG រួចទៅហើយនោះ មិនទាន់អាចបញ្ជាក់នូវពេលវេលា ដែលពួកគេនឹងបញ្ចេញយន្តហោះ ស៊េរីចាស់នេះ ឲ្យដំណើរការឡើងវិញឡើយ ប៉ុន្តែក្រុមហ៊ុននីមួយៗមានគោលការណ៍ដូចៗគ្នា នោះគឺការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីធានាសុវត្ថិភាពឲ្យបាន ១០០% ជាមុនសិន ទើបយន្តហោះទាំងនោះអាចត្រូវដាក់ ឲ្យបម្រើការហោះឡើយវិញបាន៕