(អ៊ីស្លាម៉ាបាដ)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៧១នាក់ហើយ និងខ្ទង់ ៤០នាក់ទៀតបានរងរបួស បន្ទាប់ពីរថភ្លើងមួយខ្សែត្រូវបានភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅបំផុតក្នុងខេត្តភាគខាងកើត នៃប្រទេសប៉ាគីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរផ្លូវដែកប៉ាគីស្ថាន គ្រោះអគ្គីភ័យដ៏អាក្រក់នេះបានកើតឡើង ដោយសារតែការផ្ទុះធុងហ្គាស ដែលអ្នកដំណើរម្នាក់បានយកតាមខ្លួន។ រថភ្លើងខាងលើស្ថិតក្រោមកម្មសិទ្ធិក្រុមហ៊ុន ធេសហ្គាំអ៊ិចប្រេស (Tezgam Express) ដែលគ្រានោះវាមានគោលដៅធ្វើដំណើរ ពីទីក្រុងកំពង់ផែសមុទ្រការ៉ាជី (Karachi) ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ឆ្ពោះទៅកាន់ទីក្រុង រ៉ាវ៉ាល់ភីនឌី (Rawalpindi) នៃខេត្ត ផាន់ចាប់ (Punjab) នៅភាគខាងកើត។ ទូររថភ្លើងយ៉ាងហោចចំនួន ០៣កំណាត់បានរងការឆាបឆេះ។

គួរជម្រាបថា នៅពេលកើតហេតុដោយសារតែភាពភ័យខ្លាច អ្នកដំណើរមួយចំនួនបានសម្រេចចិត្ត លោតចេញពីរថភ្លើងតែម្តងថែមទៀតផង។ អាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា តួលេខជាក់លាក់ចុងក្រោយនៃចំនួនអ្នកស្លាប់ អាចច្រើនជាងខាងលើ នៅពេលប្រតិបត្តិការជួយសង្រ្គោះចប់រួចរាល់។ ជាមួយគ្នានេះ ការស៊ើបអង្កេតក៏នឹងត្រូវធ្វើឡើងផងដែរដើម្បីរកឲ្យឃើញថា ហេតុអ្វីបានជាមានការអនុញ្ញាតឲ្យអ្នកដំណើរ យកធុងហ្គាសឡើងលើរថភ្លើងបែបនេះព្រោះវាជារបស់ហាមឃាត់៕