(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក Apple បានប្រកាសពីការកើនឡើងនៃប្រាក់ចំណូល សម្រាប់ត្រីមាសកន្លងទៅ ខណៈការលក់សេវាកម្មរបស់ខ្លួន កំពុងតែប្រសើរឡើងខ្លាំងជាងការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។

ក្នុងរបាយការណ៍មួយនាពេលថ្មីៗនេះសម្រាប់ត្រីមាសទី ៤ នៃឆ្នាំសារពើពន្ធ២០១៩ ដែលបានបិទបញ្ចប់កាលពីខែកញ្ញាកន្លងទៅ (ដើមខែកក្កដា ដល់ចុងខែកញ្ញា) ក្រុមហ៊ុន Apple បានឲ្យដឹងថា ខ្លួនរកចំណូលបាន ៦៤ពាន់លានដុល្លារដែលលើសពីការរំពឹងទុក ហើយបើធៀបនឹងកំឡុងពេលដូចគ្នានៃឆ្នាំសារពើពន្ធ២០១៨ គឺច្រើនជាងពីរភាគរយ។

គួរជម្រាបថា ខណៈអត្រានៃការលក់ iPhone របស់ក្រុមហ៊ុនអាមេរិកនេះបានធ្លាក់ចុះ ៩.២ភាគរយធៀបនឹងឆ្នាំមុន ការលក់ក្នុងផ្នែកផ្សេងទៀតដូចជា សេវាកម្ម និងឧបករណ៍បំពាក់លើខ្លួនរបស់ Apple បានបន្តកើនឡើងគួរឲ្យកត់សម្គាល់។ សម្រាប់ត្រីមាសកន្លងទៅនេះ ផ្នែកសេវាកម្មរបស់ក្រុមហ៊ុន Apple បានកើនឡើងចំណូលរហូតដល់ ១២.៥ពាន់លានដុល្លារ ដែលច្រើនជាងឆ្នាំមុនប្រមាណ ២ពាន់លានដុល្លារឯណោះ។

បើតាមលោក Tim Cook ដែលជានាយកប្រតិបត្តិ Apple ការរកចំណូលបានដ៏ច្រើនក្នុងត្រីមាសទី ៤ នៃឆ្នាំសារពើពន្ធ២០១៩ គឺមកពីកំណើនយ៉ាងឆាប់រហ័សនៃការលក់ក្នុងផ្នែកសេវាកម្ម ព្រមទាំងឧបករណ៍បំពាក់លើខ្លួនរបស់ Apple។ នាពេលខាងមុខក្រុមហ៊ុនសំឡឹងឃើញថា នឹងអាចរកចំណូលបានចន្លោះ ៨៥.៥-៨៩.៥ពាន់លានដុល្លារ សម្រាប់ត្រីមាសដំបូងនៃឆ្នាំសារពើពន្ធ២០២០ ដែលនឹងបញ្ចប់នៅខែធ្នូ៕