(តៃប៉ិ)៖ សភាតៃវ៉ាន់បានអនុម័តហើយលើសេចក្ដីព្រាងច្បាប់ ស្ដីពីកញ្ចប់ថវិកាសម្រាប់ទិញយន្ដហោះចម្បាំង F-16 ចំនួន ៦៦គ្រឿងមានតម្លៃជាង ៨ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារទឹកដី ប្រឈមមុខនឹងការគំរាមកំហែងពីចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីសម្រេចរបស់ខ្លួន សភាតៃវ៉ាន់ក៏បានឱ្យដឹងដែរថា សេចក្ដីព្រាងច្បាប់នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានច្បាប់ សម្រាប់ឱ្យគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលលោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ប្រើប្រាស់កញ្ចប់ថវិកាពិសេស ដើម្បីទិញយន្ដហោះចម្បាំង F-16 ពីសហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនឆ្នាំរហូតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ ម្យ៉ាងវិញទៀតសេចក្ដីព្រាងច្បាប់នេះ នឹងក្លាយជាច្បាប់ហើយជាចូលជាធរមានបន្ទាប់ពី លោកស្រី Tsai ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកបានយល់ព្រមលក់យន្ដហោះចម្បាំង F-16 ចំនួន ៦៦គ្រឿងឱ្យកោះតៃវ៉ាន់ កាលពីថ្ងៃទី២០ ខែសីហាកន្លងទៅ បើទោះជាមានការព្រមានធ្ងន់ៗពីទីក្រុងប៉េកាំងក៏ដោយ។ ចិនធ្លាប់បានព្រមានជាច្រើនលើកថា ការលក់អាវុធឱ្យតៃវ៉ាន់ដែលជាខេត្តមួយរបស់ខ្លួន គឺជាទង្វើរំលោភលើដែនអធិបតេយ្យភាពចិន ដែលតម្រូវឱ្យមានការចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារបូរណភាពទឹកដី និងបង្រួបបង្រួមជាតិ៕