(ហាណូយ)៖ រដ្ឋាភិបាលអង់គ្លេសបានបញ្ជូនឯកសារជាច្រើន មកឱ្យអាជ្ញាធរវៀតណាម ដើម្បីជួយបញ្ជាក់អត្តសញ្ញាណជនរងគ្រោះមួយចំនួន ក្នុងចំណោមសាកសពទាំង ៣៩នាក់ ដែលត្រូវបានគេរកឃើញនៅក្នុងទូរក្លាសេក្នុងរថយន្តកុងតឺន័រមួយគ្រឿង នៅក្បែរទីក្រុងឡុងដ៍កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។

សាកសពស្ត្រី ០៨នាក់ និងបុរស ៣១នាក់ ដែលត្រូវបានគេរកឃើញកាលពីថ្ងៃពុធសប្ដាហ៍មុន នៅក្នុងទូរក្លាសេកុងតឺន័រមួយគ្រឿង នៅឯតំបន់ អ៊ែសសិក (Essex) ស្ថិតនៅភាគអគ្នេយ៍ប្រទេសអង់គ្លេស ដំបូងឡើយត្រូវបានគេបញ្ជាក់អត្តសញ្ញាណថា ជាជនជាតិចិន។ ប៉ុន្តែក្រោយមក ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះជាជនជាតិវៀតណាមួយជាច្រើន បានបង្ហាញក្ដីព្រួយបារម្ភថា សាច់ញាតិរបស់ខ្លួនអាចនឹងស្ថិតនៅក្នុងចំណោមអ្នកស្លាប់។

បន្ថែមពីលើនេះ ក្រុមមន្ត្រីវៀតណាមក៏បានចាប់ផ្ដើមប្រមូលគំរូ DNA ពីគ្រួសារវៀតណាមមួយចំនួននៅក្នុងខេត្ត ញ៉េអាន (Nghe An) និងហាធិញ (Ha Tinh) ជាទីដែលគេសង្ស័យថា ជាកន្លែងកំណើតជនរគ្រោះជាច្រើននាក់ផងដែរ។ ដូច្នេះហើយ ទើបរដ្ឋាភិបាលអង់គ្លេសបានបញ្ជូនឯកសារពាក់ព័ន្ធ មកឱ្យអាជ្ញាធរវៀតណាម ដើម្បីជួយបញ្ជាក់អត្តសញ្ញាណសាកសព។

គួររបញ្ជាក់ថា ប៉ូលិសអង់គ្លេសបានចោទប្រកាន់អ្នកបើកបររថយន្ដកុងតឺន័រឈ្មោះ ម៉ូរ៉ាយស៍ រ៉ូប៊ីនសុន (Maurice Robinson) ជាផ្លូវការពីបទមនុសឃាត ៣៩ករណី និងរត់ពន្ធមនុស្ស។ ជនសង្ស័យ Robinson មានអាយុ ២៥ឆ្នាំ គឺជាពលរដ្ឋមកពីប្រទេសអ៊ែរឡង់ខាងជើង នឹងត្រូវបង្ហាញខ្លួនចំពោះមុខតុលាការនៅថ្ងៃចន្ទនេះ (ពេលវេលានៅអង់គ្លេស)៕