(ប៉ារីស)៖ ទើបតែមានករណីរកឃើញសាកសពមនុស្ស ៣៩នាក់ នៅក្នុងទូរក្លាសេលើរថយន្តមួយគ្រឿងនៅតំបន់ អ៊ែសសិក (Essex) របស់ចក្រភពអង់គ្លេស ឥឡូវនេះបែរជាមានព័ត៌មានថ្មីមួយទៀតថា ជនអន្តោប្រវេសន៍ចំនួន ០៨នាក់មកពីអាហ្វហ្គានីស្ថាន ត្រូវបានអាជ្ញាធរបារាំងប្រទះឃើញលាក់ ខ្លួនក្នុងរថយន្តដឹកទំនិញមួយគ្រឿង ដែលមានគោលដៅឆ្ពោះទៅកាន់អង់គ្លេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។

យោងតាមប្រភពពីអាជ្ញាធរបារាំងជនអន្តោប្រវេសន៍ខាងលើ ដែលរួមមានទាំងកុមារចំនួន ០៤នាក់ផងដែរ ត្រូវបានគេរកឃើញកំឡុងការត្រួតពិនិត្យមួយនៅទីក្រុង កាឡេស (Calais) ប្រទេសបារាំង កាលពីថ្ងៃអាទិត្យ (ពេលវេលាក្នុងតំបន់របស់បារាំង) ពេលត្រៀមឆ្លងទៅកាន់ចក្រភពអង់គ្លេស។ ក្រោយការរកឃើញ ក្រុមជនភៀសខ្លួនទាំងនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែសីតុណ្ហភាពនៅក្នុងទូរក្លាសេទំនិញ ដែលពួកគេលាក់ខ្លួនគឺត្រឹម ០៧អង្សាសេប៉ុណ្ណោះ។ រីឯអ្នកបើករថយន្តចំនួន ០២នាក់ ដែលជាជនជាតិរ៉ូម៉ានីទាំងពីរត្រូវបានឃាត់ខ្លួន។

គួរជម្រាបថា ព័ត៌មាននេះបានកើតមានឡើង បន្ទាប់ពីសាកសពមនុស្ស៣៩នាក់ ត្រូវបានរកឃើញនៅក្នុងទូររថយន្តដឹកកុងតឺន័រ ដែលមានសីតុណ្ហភាពត្រជាក់ដូចគ្នា នៅក្បែរទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស កាលពីសប្តាហ៍មុន។ ករណីនោះអាចជាករណី ការរត់ពន្ធជនអន្តោប្រវេស៍ដូចគ្នា ខណៈប៉ូលិសអង់គ្លេសកំពុងបន្តការស៊ើបអង្កេត ក៏ដូចជាកំណត់សញ្ជាតិជនរងគ្រោះដែលគេសង្ស័យថា អាចជាជនជាតិវៀតណាមភាគច្រើន៕