(វៀតណាម)៖ ថ្នាក់ដឹកនាំសហគមន៍មួយក្នុងប្រទេសវៀតណាម ដែលជាប្រភពនៃជនជាតិ វៀតណាមដែលគេសង្ស័យថា កំពុងបាត់ខ្លួននៅបរទេសនោះបានអះអាងថា ភាគច្រើននៃសាកសពសរុបទាំង ៣៩នាក់ ដែលត្រូវបានរកឃើញក្នុងទូរកុងតឺន័រនៅតំបន់ អ៊ែសសិក (Essex) របស់អង់គ្លេសនោះ អាចជាជនវៀតណាម ដែលខុសពីការប៉ាន់ស្មានពីដំបូងៗថា ជនរងគ្រោះភាគច្រើនអាចជាជនជាតិចិន។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩។

បើតាមអាជ្ញាធរអង់គ្លេសបញ្ជាក់ សាកសពទាំងអស់ដែលមានចំនួន ៣៩នាក់ក្នុងនោះ ៣៨នាក់ជាមនុស្សពេញវ័យ និងម្នាក់ទៀតវ័យជំទង់។ ប៉ូលិសអង់គ្លេសពីដំបូងឡើយបាន សន្និដ្ឋានថា សាកសពទាំង ៣៩នាក់អាចជាជាតិចិន ប៉ុន្តែមន្ត្រីចិនបានអះអាងតបវិញថា ពុំទាន់មានការបញ្ជាក់អំពីសញ្ញាតិច្បាស់លាស់នោះឡើយ។ បច្ចុប្បន្នទាំងមន្ត្រីចិន និងវៀតណាម កំពុងតែបំពេញការងារយ៉ាងមមាញឹកជាប៉ូលិសអង់គ្លេស តាមរយៈស្ថានទូតរៀងៗខ្លួននៅអង់គ្លេស។

គួរបញ្ជាក់ថា សម្រាប់ការអះអាងថា ភាគច្រើននៃជនរងគ្រោះអាចជាជនជាតិវៀតណាម ខាងលើនេះ ត្រូវបានលើកឡើងលោកឪនៃព្រះវិហារកាតូលិកមួយកន្លែង ស្ថិតនៅក្នុងសហគមន៍ យេនថាញ់ (Yen Thanh) នៃខេត្តញ៉េអាន (Nghe An) ចម្ងាយ ៣០០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងហាណូយ ព្រោះនៅទីនោះក្រុមគ្រួសារមួយចំនួន បានបាត់ដំណឹងសមាជិករបស់ពួកគេ ដែលបានចេញទៅបរទេសមួយរយៈមកហើយ ខណៈក្រុមគ្រួសារខ្លះទៀតកំពុងតែជ្រួលច្របល់ និងព្រួយបារម្ភខ្លាំងបំផុត៕