(ឡុងដ៍)៖ ខណៈប៉ូលិសអង់គ្លេសកំពុងបន្តការស៊ើបអង្កេត លើករណីរកឃើញសាកសពមនុស្ស ៣៩នាក់ក្នុងទូររថយន្តកុងតឺន័រ នៅក្បែរទីក្រុងឡុងដ៍នោះ មានសញ្ញាថ្មីបន្ថែមទៀតបានបង្ហាញថា ជនរងគ្រោះមួយចំនួនអាចជាជនជាតិវៀតណាម។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩។

ស្របពេលដែលអ្នកជំនាញអង់គ្លេស បានចាប់ផ្តើមដំណើរការធ្វើកោសលវិច័យលើសពជនរងគ្រោះ ស្ថានទូតវៀតណាមនៅ ទីក្រុងឡុងដ៍បានឲ្យដឹងថា ក្រុមគ្រួសារវៀតណាមមួយចំនួនបានទាក់ទងមកស្ថានទូត ពាក់ព័ន្ធការបាត់ដំណឹងនៃសាច់ញាតិរបស់ពួកគេ។ ដូច្នេះមានការព្រួយបារម្ភជាខ្លាំងថា ជនរងគ្រោះយ៉ាងហោចណាស់ ១០នាក់គឺជាជនជាតិវៀតណាម។

កន្លងទៅនេះប៉ូលិសអង់គ្លេសបានបង្ហាញការជឿជាក់ថា ជនរងគ្រោះទាំងអស់ទំនងជាជនជាតិចិន ខណៈទីក្រុងប៉េកាំងបានលើកឡើងថា ប៉ូលិសអង់គ្លេសមិនទាន់អាចបានបញ្ជាក់ច្បាស់ ពីអត្តសញ្ញាណជនគ្រោះទាំងអស់ ឲ្យបានមួយរយភាគរយឡើយ។ ដោយឡែកប៉ូលិសអង់គ្លេសនៅតំបន់ អ៊ែសស៊ិក (Essex) ដែលជាតំបន់កើតហេតុបាននិយាយថា ការសង្ស័យ និងការសន្និដ្ឋាននានា អាចប៉ះពាល់ដល់ការស៊ើបអង្កេតរបស់ពួកគេ ដូច្នេះហើយនឹងមិនមានការផ្តល់ព័ត៌មានអ្វីទៀតឡើយ អំពីអត្តសញ្ញាណ និងសញ្ជាតិរបស់ជនរងគ្រោះ លុះត្រាតែដំណើរការធ្វើកោសលវិច័យផ្លូវការ ចប់រួចរាល់ជាស្ថាពរសិន។

គួរជម្រាបថា មកទល់ពេលនេះមនុស្សសរុបចំនួន ០៤នាក់ ត្រូវបានចាប់ខ្លួននិងកំពុងស្ថិតក្រោមការឃុំឃាំង ក្រោមការសង្ស័យពីបទរួមគំនិតជួញដូរមនុស្ស និងពីបទមនុស្សឃាត។

ពាក់ព័ន្ធការសង្ស័យថា ជនរងគ្រោះមួយចំនួនអាចជាជនជាតិវៀតណាម សមាជិកម្នាក់នៃអង្គការសិទ្ធិមនុស្សនៅវៀតណាមបានអះអាងថា ក្នុងសារមួយផ្ញើទៅកាន់ម្តាយរបស់ខ្លួននារីម្នាក់ឈ្មោះ ផាម ធី ត្រា ម៉ាយ (Pham Thi Tra My) អាយុ ២៦ឆ្នាំ បានសរសេរប្រាប់ម្តាយដូច្នេះថា «ខ្ញុំសុំទោសម៉ែ។ ផ្លូវទៅកាន់បរទេសរបស់ខ្ញុំ គឺមិនជោគជ័យនោះឡើយ។ ម៉ែ... ខ្ញុំស្រឡាញ់ម៉ែ! ខ្ញុំជិតស្លាប់ហើយ ព្រោះខ្ញុំដកដង្ហើមមិនរួចទេ»។ នារីម្នាក់នេះបានធ្វើដំណើរទៅចិន ហើយគ្រោងនឹងចូលទៅអង់គ្លេស ដោយកាត់តាមប្រទេសបារាំង។

បើតាមអង្គការនៃសហគមន៍វៀតណាមនៅអង់គ្លេសវិញ អង្គការទទួលបានដំណឹងពីគ្រួសារចំនួនពីប្រទេសវៀតណាម ដែលថាសមាជិកពួកគេបានបាត់ខ្លួន។ ជាមួយគ្នានេះស្ថានទូតវៀតណាម ប្រចាំនៅទីក្រុងឡុងដ៍ កំពុងទាក់ទងជាមួយប៉ូលិសអង់គ្លេស។ ជាច្រើនឆ្នាំមកហើយ ជនអន្តោរប្រវេសន៍ខុសច្បាប់ បានព្យាយាមឆ្លងចូលទឹកដីចក្រភពអង់គ្លេស ដោយពួនជិះនៅក្នុងរថយន្តដឹកទំនិញធំៗ ជាពិសេសតាមរយៈប្រទេសអឺរ៉ុបផ្សេងទៀត។ កាលពីឆ្នាំ២០០០ សាកសពជនជាតិចិន ៥៨នាក់ត្រូវបានគេរកឃើញក្នុងទូរកុងតឺន័រ នៅទីក្រុង ដូវើ (Dover) របស់អង់គ្លេស រួមជាមួយមនុស្សពីរនាក់ទៀតដែលនៅមានជីវិត៕