(ឡុងដ៍)៖ ប៉ូលិសអង់គ្លេសនាថ្ងៃសុក្រនេះ បានឲ្យដឹងថា ពួកគេបានចាប់ខ្លួនមនុស្ស២នាក់ទៀត ក្រោមការសង្ស័យថាជនទាំងនោះ អាចមានជាប់ពាក់ព័ន្ធករណីសាកសពមនុស្ស៣៩នាក់ ដែលត្រូវបានរកឃើញនៅក្នុងទូររថយន្តកុងតឺន័រ។ នេះបើតាមការដកស្រង់ ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។

ជនសង្ស័យទាំងពីរនាក់ដែលត្រូវបានចាប់ខ្លួន រួមមានប្រុសម្នាក់និងស្រីម្នាក់ អាយុ៣៨ឆ្នាំដូចគ្នា ដែលរស់នៅក្នុងក្រុង Warrington ភាគពាយ័ព្យ អង់គ្លេស។ ពួកគេត្រូវបានប៉ូលិសអង់គ្លេសឃាត់ខ្លួន ពីបទផ្សំគំនិតជូញដូរមនុស្ស និងពីបទឃាតកម្មលើមនុស្សដល់ ទៅ៣៩នាក់។ ជាមួយគ្នានេះ ជនសង្ស័យម្នាក់ទៀត គឺអ្នកបើកបររថយន្តកុងតឺន័រ អាយុ២៥ឆ្នាំ ក៏កំពុងបន្តស្ថិតក្រោមការឃុំឃាំង ផងដែរពីបទមនុស្សឃាត។

គួរជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍នេះ សាកសពមនុស្សចំនួន៣៩នាក់ ត្រូវបានគេប្រទះឃើញក្នុងទូររថយន្តកុងតឺន័រមួយគ្រឿង ដែលចតនៅសួនឧស្សាហកម្មមួយកន្លែង ក្នុងក្រុង Grays នៃតំបន់ Essex ចម្ងាយខ្ទង់៣០គីឡូម៉ែត្រភាគខាងកើតទីក្រុងឡុងដ៍។ នាពេលនេះអ្នកជំនាញអង់គ្លេស កំពុងព្យាយាមកំណត់មូលហេតុនៃការស្លាប់របស់មនុស្សទាំង៣៩នាក់នោះ និងកំពុងបន្តកំណត់ អត្តសញ្ញាណរបស់ជនរងគ្រោះ។ ខណៈមានការសង្ស័យថា ពួកគេទំនងជាជនជាតិចិន ក្រសួងការបរទេសចិន បានប្រកាសថា ប៉ូលិសអង់គ្លេសមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេ៕