(ប៉េកាំ)៖ ក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះ បានចេញសេចក្តីថ្លែងការណ៍មួយ តបទៅកាន់អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) ដោយក្នុងនោះចិនបានណែនាំឲ្យសហរដ្ឋអាមេរិក ប្រឹងប្រែងដោះស្រាយបញ្ហាក្នុងប្រទេសរបស់ខ្លួន ដូចជាអំពើហិង្សាប្រដាប់អាវុធជាដើម ជាជាងមកខ្វាយខ្វល់នឹងបញ្ហាហុងកុង ដែលជាកិច្ចការផ្ទៃក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង (Hua Chunying) បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចិនប្តេជ្ញាការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន ហើយនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនដូចជានៅ ហុងកុង តៃវ៉ាន់ ឬស៊ីនជាំងនោះឡើយ។ ក្រុមអ្នកនយោបាយមួយក្តាប់តូចជាមួយនិងលោក Pence បានភ័ន្តច្រឡំយកសក្លាយទៅជាខ្មៅលើបញ្ហាទាំងនេះ ធ្វើឱ្យមានការកត់សម្គាល់ ដោយមិនទទួលខុសត្រូវ និងបង្កើតពាក្យចចាមអារ៉ាម ដើម្បីនិយាយបង្កាច់បង្ខូចអ្នកដទៃ»

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសុក្រនេះអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានលើកយ៉ាងដូច្នេះថា «ក្រុងហុងកុងគឺជាឧទាហរណ៍ជាក់ស្តែងមួយ នៃអ្វីដែលអាចកើតឡើង ប្រសិនបើចិនទទួលយកលទ្ធិប្រជាធិបតេយ្យ... ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនការជ្រៀតជ្រែកនៅហុងកុង ហើយធ្វើសកម្មភាពដែលជះផលអវិជ្ជមាន ដល់សិទ្ធិក៏ដូចជាសេរីភាព ដែលប្រជាជនហុងកុងត្រូវបានធានាថា នឹងទទួលបានតាមរយៈកិច្ចព្រមព្រៀងអន្តរជាតិ»

ក្រៅពីការណែនាំទៅសហរដ្ឋអាមេរិក ចិនក៏បានចាត់ទុកសម្តីលោក Mike Pence ជាការភូតកុហក និងរើសអើងដែលចិនមិនអាចទទួលយកបានឡើយ។ ចិនក៏បានបញ្ជាក់ផងដែរថា ការផ្ទុះករណីបាញ់ប្រហារជាញឹកញាប់ និងធ្ងន់ធ្ងរឡើងៗ, ការរើសអើងជាតិសាសន៍គ្រប់ទីកន្លែង, គម្លាតរវាងអ្នកមាន និងអ្នកក្រយ៉ាងច្បាស់ក្រឡែត, ការចូលចិត្តដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសដទៃ និងការដកខ្លួនចេញពីកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាអន្តរជាតិនានា ទាំងអស់នេះសុទ្ធតែជាការប្រព្រឹត្តដែលប្រាស់ចាកក្រមសីលធម៌ និងបានធ្វើឲ្យអាមេរិកបាត់បង់ការជឿទុកចិត្ត ពីសហគមន៍អន្តរជាតិរួចទៅហើយ៕