(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចចិត្តដកទណ្ឌកម្មប្រឆាំងតួកគី ដែលបានដាក់កាលពី ០៩ថ្ងៃមុនវិញហើយ ជុំវិញប្រតិបត្តិការយោធាវាយលុកលើកងកម្លាំងឃើដ នៅក្នុងតំបន់ភាគខាងជើងប្រទេសស៊ីរី។ នេះបើតាមសម្តីលោក ដូណាល់ ត្រាំ ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។

ការសម្រេចចិត្តខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីរុស្ស៊ី និងតួកគី បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីដាក់ពង្រាយយោធាឃ្លាំមើល និងបន្តសុពលភាពបទឈប់បាញ់ ១៥០ម៉ោងបន្ថែមទៀត សំដៅទុកពេលឱ្យក្រុមសកម្មប្រយុទ្ធឃើដ ដកចេញពីតំបន់ព្រំដែនតួកគី-ស៊ីរី ឱ្យបានចំងាយ ៣០គីឡូម៉ែត្រ។ ប៉ុន្តែព្រមពេលជាមួយគ្នា ទីក្រុងអង់ការ៉ាក៏បានព្រមានដែរថា ខ្លួននឹងបើកប្រតិបត្តិការយោធាឡើងវិញភ្លាមៗ បើឃើដមិនព្រមដកថយ។

ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ទុកឱ្យអ្នកផ្សេងប្រយុទ្ធគ្នា នៅលើវាលសាច់ប្រឡាក់ដោយឈាមនេះចុះ... ហើយទណ្ឌកម្មប្រឆាំងនឹងតួកគី នឹងត្រូវបានដកវិញ... ពីព្រោះពួកគេបានធានាថា នឹងបញ្ឈប់ការវាយលុកលើឃើដ ព្រមទាំងទទួលយកបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ»

គួរជម្រាបថា តួកគីចង់បង្កើតតំបន់សុវត្ថិភាពមួយ ដោយចាក់ចូលជ្រៅទៅក្នុងទឹកដីស៊ីរី ៣០គីឡូម៉ែត្រ ទុកសម្រាប់ជនភៀសខ្លួនស៊ីរីជាងពីរលាននាក់ ដែលកំពុងស្ថិតនៅលើទឹកដីតួកគី។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺអ្នកជំនាញយល់ថា ការសម្រេចចិត្តរបស់លោក ត្រាំ ដោយទុកឱ្យតួកគី និងរុស្ស៊ីរួមគ្នាដោះស្រាយបញ្ហាឃើដ នឹងធ្វើឱ្យឥទ្ធិពលរុស្ស៊ីកាន់តែរីកធំនៅក្នុងតំបន់មជ្ឈិមបូព៌ា៕