(ម៉ូស្គូ)៖ យោធារុស្ស៊ី បានចាប់ផ្ដើមចល័តទៅកាន់តំបន់ព្រំដែនរវាងតួកគី និងស៊ីរីហើយនៅថ្ងៃពុធនេះ ដើម្បីត្រួតពិនិត្យ មើលការដកខ្លួនរបស់ក្រុមសកម្មប្រយុទ្ធឃើដ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងទៀតថាយោធារុស្ស៊ីបានចូលទៅដល់ទីក្រុង Kobane និងទីក្រុង Manbij ហើយ ថែមទាំងបានព្រមានផងដែរឱ្យក្រុមសកម្មប្រយុទ្ធឃើដដកខ្លួនចេញពីតំបន់ព្រំដែន សំដៅបញ្ជៀសជម្លោះជាមួយតួកគី។ ពោលគឺក្រោមកិច្ចព្រមព្រៀងមួយ ធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក ពូទីន និងសមភាគីតួកគី លោក អឺដូហ្គាន់ ក្រុមសកម្មប្រយុទ្ធឃើដ មានរយៈពេល១៥០ម៉ោង រាប់ចាប់ពីថ្ងៃពុធនេះ ដើម្បីដកថយឱ្យបានចំងាយ៣០គីឡូម៉ែត្រ ពីតំបន់ព្រំដែនតួកគី-ស៊ីរី។

គួរជម្រាបថា មកទល់នឹងពេលនេះ ក្រុមសកម្មប្រយុទ្ធឃើដមិនទាន់ធ្វើអត្ថាធិប្បាយថាតើពួកគេនឹងទទួលយកសំណើពីរុស្ស៊ី ឬយ៉ាងណានោះទេ ខណៈទីក្រុងម៉ូស្គូព្រមានថា បើពួកគេមិនបានព្រមដកចេញពីតំបន់ព្រំដែនទេ នោះរុស្ស៊ី និងស៊ីរីនឹងទុក ឱ្យឃើដប្រឈមមុខនឹងការវាយលុកពីកងទ័ពតួកគី៕