(ឡុងដ៍)៖ សាកសពមនុស្សចំនួន៣៩នាក់ ត្រូវបានគេប្រទះឃើញក្នុងទូរនៃរថយន្តដឹកកុងតឺន័រមួយគ្រឿង នៅទីក្រុង Essex ក្បែរ ទីក្រុងឡុងដ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

ប៉ូលិសអង់គ្លេសបានបើកការស៊ើបអង្កេតជុំវិញករណីនេះ ខណៈអ្នកបើកបររថយន្តខាងលើ ដែលមានអាយុ២៥ឆ្នាំ មកពីអៀរឡង់ ខាងជើង ត្រូវបានចាប់ឃាត់ខ្លួនពីបទសង្ស័យមនុស្សឃាត។ បើតាមទិន្នន័យបឋម ក្នុងចំណោមជនរងគ្រោះ ៣៨នាក់ជាមនុស្សធំ ពេញវ័យ និងម្នាក់ទៀតស្ថិតក្នុងយុវវ័យ។

គួរជម្រាបថា យោងតាមកម្លាំងប៉ូលិសប្រចាំទីក្រុង Essex រថយន្តដឹកកុងតឺន័រនោះ បានធ្វើដំណើរមកពីប្រទេសប៊ុលហ្គារីចូលមក កាន់ច្រកភពអង់គ្លេស តាមក្រុង Holyhead នៃប្រទេស Wales កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ការរកឃើញរថយន្តដឹកកុងតឺន័រ ដែលផ្ទុកទៅដោយសាកសព មនុស្សនេះ គឺនៅឧទ្យានឧស្សាហកម្មមួយកន្លែង៕