(ប៉េកាំង)៖ ចិនបានបង្កើតគ្រឿងយន្តឆ្លាតវៃមួយប្រភេទ ដើម្បីបំពេញមុខងារដឹកជញ្ជូនរ៉ែ ដោយគ្មានមនុស្សបើកបរដោយផ្ទាល់នោះឡើយ និងជំនួសមកវិញនូវការបំពាក់បច្ចេកវិទ្យាទំនើប 5G ចុងក្រោយបង្អស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

គ្រឿងយន្តខាងលើត្រូវប្រើប្រាស់សម្រាប់កិច្ចការរុករករ៉ែ លក្ខណៈនៅទីវាលបើកចំហ (Opencast Mining)។ វាមានបណ្តោយខ្ទង់ ១០.២ម៉ែត្រ, ទទឹង ៥.៤ម៉ែត្រ និងកម្ពស់ ០៥ម៉ែត្រ ហើយមានសមត្ថភាពផ្ទុកទម្ងន់ ១១០តោន។ គ្រឿងយន្តឆ្លាតវៃនេះ អាចរៀបចំបេសកកម្ម និងគន្លងផ្លូវធ្វើដំណើរដោយខ្លួនវាផ្ទាល់ ព្រមទាំងអាចលើកដាក់ ក៏ដូចជាទម្លាក់រ៉ែដោយស្វ័យប្រវត្តិ ហើយអាចបើកបរដោយខ្លួនឯង។

គួរជម្រាបថា គ្រឿងយន្តឆ្លាតវៃនេះ ត្រូវគេរំពឹងថា នឹងអាចជួយលើកកម្ពស់សុវត្ថិភាពការងារ នៅកន្លែងរុករករ៉ែ និងបង្កើតប្រសិទ្ធភាពនៃការផលិត។ ម៉្យាងវិញទៀត បើប្រៀបធៀបជាមួយគ្រឿងយន្តគ្មានមនុស្សបើកបរផ្ទាល់ដទៃៗទៀត វិស័យរុករករ៉ែត្រូវការ គ្រឿងយន្តដែលអាចទប់ទល់ និងដោះស្រាយជាមួយគ្រប់ស្ថានភាពផ្លូវ ដែលមានលក្ខណៈលំបាក រួមជាមួយឧបសគ្គដែលមិនអាចស្មានដឹងមុន។

គ្រឿងយន្តខាងលើនេះត្រូវបានអភិវឌ្ឍន៍រួមគ្នា ដោយក្រុមហ៊ុនអវកាសចិនឈ្មោះ សានជាំង (China Space Sanjiang Group) និង វីអាយភីអូនៀ (VIPioneers) ហើយវាត្រូវបានគេដាក់តាំងបង្ហាញ កាលពីសប្តាហ៍មុន កំឡុងសន្និសីទអន្តរជាតិស្តីពីឧស្សហកម្ម VR ដែលរៀបចំឡើងនៅក្រុង ណានឆាង (Nanchang) ខេត្តជាំងស៊ី (Jiangxi) ភាគខាងកើតប្រទេសចិន៕