(ហ្សាការតា)៖ ក្រោយស្បថចូលកាន់តំណែងជាផ្លូវការនៅអាណត្តិទីពីរ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នាថ្ងៃពុធ នេះ បានប្រកាសសមាសភាពគណៈរដ្ឋមន្រ្តីរបស់លោកសម្រាប់អាណត្តិថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ ព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

ក្នុងចំណោមនោះ លោក Prabowo Subianto ដែលជាមេដឹកនាំគណបក្សប្រឆាំងក្នុងអាណត្តិទីមួយរបស់លោក Widodo និងជា គូប្រជែងដ៏ធំតែម្នាក់គត់របស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី នៅក្នុងការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពីខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការពារជាតិ។

រីឯសហស្ថាបនិកនៃក្រុមហ៊ុនផ្តល់សេវាម៉ូតូតាក់ស៊ី Gojek របស់ឥណ្ឌូណេស៊ី លោក Naidem Makiem នឹងកាន់តំណែងជារដ្ឋមន្រ្តី ក្រសួងអប់រំនិងវប្បធម៌។ សម្រាប់អតីតរដ្ឋមន្រ្តីឧស្សាហកម្មឥណ្ឌូណេស៊ី លោក Airlangga Hartarto វិញ នឹងកាន់ក្រសួងសេដ្ឋកិច្ច ខណៈសេដ្ឋវិទូលោកស្រី Sri Mulyani Indrawati បានរក្សាតំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុដដែល។ រីឯលោក Luhut Pandjaitan ក៏នៅ រក្សា តួនាទីជារដ្ឋមន្រ្តីសម្របសម្រួលកិច្ចការដែនសមុទ្រឥណ្ឌូណេស៊ី ដែលរួមមានវិស័យធនធានធម្មជាតិ និងវិនិយោគទុន ដូចដើមផងដែរ។

គួរជម្រាបថា ពិធីស្បថចូលកាន់តំណែងសម្រាប់អាណត្តិទីពីររបស់លោក Widodo ត្រូវបានរៀបចំឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ ក្រោមវត្តមានថ្នាក់ដឹកនាំនិងតំណាងមកពីប្រទេសជាច្រើន៕