(ប៉េកាំង)៖ ក្នុងសប្តាហ៍នេះមន្រ្តីរដ្ឋាភិបាល និងបណ្តាញសារព័ត៌មានរដ្ឋនៃប្រទេសចិន បានចោទប្រកាន់ប្រទេសលោកខាងលិចថា មានស្តង់ដាពីរពាក់ព័ន្ធនឹងបាតុកម្មនៅទីក្រុងហុងកុង និងបាតុកម្មដែលកំពុងកើតមាននៅប្រទេសមួយចំនួនទៀតដូចជា អេស៉្បាញ និងឈីលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

ប្រទេសចិនបានលើកឡើងថា ការធ្វើបាតុកម្មដោយហិង្សានៅក្នុងប្រទេសឈីលី និងនៅតំបន់ កាតាឡូនៀ (Catalonia) របស់អេស៉្បាញ បានរងការថ្កោលទោសពីរដ្ឋាភិបាល ក៏ដូចជាបណ្តាញសារព័ត៌មាន នៃបណ្តាប្រទេសលោកខាងលិច ប៉ុន្តែងាកមកមើលសកម្មភាពតវ៉ា ដ៏អាក្រក់ស្រដៀងគ្នានៅឯទីក្រុងហុងកុងវិញ ពួកគេបែរជាគាំទ្រយ៉ាងពេញទំហឹង។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសលោក វ៉ាង យី (Wang Yi) បាននិយាយថា «ឥឡូវពួកយើងឃើញមានអំពើហិង្សាដូចនៅក្នុងទីក្រុងហុងកុង កំពុងលេចរូបរាងឡើងនៅប្រទេសផ្សេងៗ»។ មន្ត្រីជាន់ខ្ពស់ចិនរូបនេះ ចង់សំដៅលើបាតុកម្មនៅតំបន់ Catalonia និងឈីលី ដែលឈានទៅរកការប្រើប្រាស់អំពើហិង្សារវាងសមត្ថកិច្ច និងហ្វូងបាតុករ។

រីឯអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) ក៏បានលើកឡើងដែរថា ប្រតិកម្មរបស់រដ្ឋាភិបាលលោកខាងលិច ចំពោះក្រុមបាតុករនៅប្រទេសទាំងនោះ បានសបញ្ជាក់ឲ្យឃើញថា ការលើកឡើងអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺគ្រាន់តែជាលេសសម្តែងឲ្យពិភពលោកមើល ដើម្បីរកផ្លូវចូលមកលូកលាន់បញ្ហាហុងកុងប៉ុណ្ណោះ។ ជាមួយគ្នានេះបណ្តាញសារព័ត៌មានរដ្ឋចិន ក៏បានបញ្ចេញការយល់ឃើញស្រដៀងគ្នាដែរ។

គួរជម្រាបថា បាតុកម្មនៅតំបន់ Catalonia បានចាប់ផ្តើមឡើងបន្ទាប់ពីតុលាការអេស៉្បាញ បានសម្រចផ្តន្ទាទោសក្រុមអ្នកដឹកនាំចលនាប្រកាសឯករាជ្យនៃតំបន់នោះ ខណៈក្រុមបាតុករភាគច្រើនបានអះអាងថា ចលនាបាតុកម្មនៅហុងកុង គឺជាកត្តាជំរុញរបស់ពួកគេ។ ចំណែកនៅឈីលីវិញ សកម្មភាពតវ៉ាយ៉ាងហិង្សាបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១៥នាក់ហើយ ដែលវាផ្តើមចេញពីការដំឡើងថ្លៃសេវាធ្វើដំណើរតាមរថភ្លើង ដែលឥឡូវបានប្រែក្លាយជាការបញ្ចេញកំហឹង ប្រឆាំងនឹងយោធាព្រមទាំងប្រធានាធិបតីរបស់ ឈីលីលោក សេបាស្ទាន ភីណែរ៉ា (Sebastian Pinera) តែម្តង៕