(កាណាដា)៖ លទ្ធផលបោះឆ្នោតសកលនៅក្នុងប្រទេសកាណាដាកាលពីថ្ងៃចន្ទ បានបង្ហាញថា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែគណបក្សរបស់លោកបានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា ហើយអ្នកជំនាញខ្លះថែមទាំងបានសន្និដ្ឋានដែរថា បញ្ហាដ៏ធំបំផុតសម្រាប់អាណត្តិទី ២ នោះគឺចិនតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

លោក អាលឡាន ធូបភើ (Allan Tupper) ដែលជាសាស្ត្រាចារ្យម្នាក់ និងជាប្រធានមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ នៅឯសាកលវិទ្យាល័យប្រ៊ីធីសខូឡុំប៊ី (University of British Columbia) ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក Tupper បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោក Trudeau នឹងត្រូវប្រឈមមុខ ក៏ដូចជាត្រូវដោះស្រាយបញ្ហាដ៏ធំបំផុតនៅក្នុងអាណត្តិទី ២ របស់លោកនោះគឺចិន ដែលកំពុងដាក់សម្ពាធផ្នែកពាណិជ្ជកម្មជាច្រើន លើទីក្រុងអូតតាវ៉ា ដោយសារតែការចាប់ខ្លួននាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei»

លោកបន្ថែមថា ការដោះស្រាយជាមួយចិនគឺជារឿងដ៏ពិបាក ពីព្រោះកាណាដាស្ថិតនៅកៀបចំកណ្ដាលនៃជម្លោះរវាងអាមេរិក និងចិនជុំវិញសំណុំរឿងក្រុមហ៊ុន Huawei ព្រមទាំងឈានដល់វិស័យពាណិជ្ជកម្មដូចជា សាច់ជ្រូក និងគ្រឿងធុញ្ញជាតិមួយចំនួនទៀត ដូចដែលបានកើតមានឡើងកន្លងមក។

គួររំលឹកថា នាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ត្រូវបានឃាត់ខ្លួននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុង វែនខូវើ (Vancouver) ប្រទេសកាណាដា តាមសំណើរបស់សហរដ្ឋអាមេរិក ដែលបានចោទលោកស្រីថា មានជាប់ទាក់ទិននឹងបទល្មើសក្លែងបន្លំជាច្រើន។ ប៉ុន្តែទាំងក្រុមហ៊ុន Huawei និងលោកស្រី បានទាត់ចោលរាល់ការចោទប្រកាន់ពីទីក្រុងវ៉ាស៊ីនតោន៕