(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើរឿងដ៏កម្រមួយដោយរិះគន់លើគោលនយោបាយឪពុក របស់លោកដែលពឹងផ្អែកលើកូរ៉េខាងត្បូង ក្នុងការអភិវឌ្ឍតំបន់រម្មណីយដ្ឋានភ្នំ Kumgang ស្ថិតនៅឆ្នេរភាគខាងកើត នៃប្រទេស។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

ភ្នំ Kumgang គឺជាតំបន់រម្មណីយដ្ឋានទេសចរណ៍មួយអភិវឌ្ឍរួមគ្នាដោយកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ ប៉ុន្តែ បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានរិះគន់លើគោលនយោបាយនេះដែលបង្កើតឡើង ដោយអតីតមេដឹកនាំកូរ៉េខាងជើង នោះគឺឪពុករបស់លោក ត្បិតការពឹងផ្អែកលើអ្នកដទៃ ឬប្រទេសណាមួយ ខណៈខ្លួន ឯងមិនទាន់រឹងមាំគ្រប់គ្រាន់គឺជាកំហុសឆ្គងមួយដ៏ធំ។ លើសពីនេះទៅទៀត ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ ភ្នំ Kumgang លោក គីម ក៏បានបង្គាប់ឱ្យក្រុមមន្ត្រីរបស់លោក រុះរើហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលសាងសង់ឡើង ដោយកូរ៉េខាងត្បូងផងដែរ ដោយជំនួសវិញនូវរចនាសម្ព័ន្ធតាមបែបទំនើបកូរ៉េខាងជើង។

គួរបញ្ជាក់ថា តំបន់រម្មណីយដ្ឋានភ្នំ Kumgang ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ១៩៩៨ ហើយនេះគឺជារឿងកម្របំផុត ដែលលោក គីម រិះគន់គោលនយោបាយឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ដ្បិតនៅកូរ៉េខាងជើង រាល់ការសម្រេចចិត្តរបស់មេដឹកនាំគឺជារឿងត្រឹមត្រូវ មិនអាចប្រកែកបាន៕