(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (Naruhito) បានប្រកាសគ្រងរាជ្យសម្បត្តិជាផ្លូវការហើយ នៅថ្ងៃអង្គារនេះ នៅក្នុងព្រះរាជពិធីមួយតាមប្រពៃណីទំនៀមទម្លាប់ជប៉ុន ក្រោមការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងមេដឹកនាំព្រមទាំងអ្នកតំណាងមកពីប្រទេស ១៧៤។

២៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសហ្វីលីពីនលោក អ៊ីហ្គ័រ ខូវ៉ាអេវ (Igor Khovaev) នាថ្ងៃអង្គារនេះបាននិយាយថា ប្រទេសលោកមានបំណងចង់បើកក្រុមហ៊ុនផលិតកាំភ្លើង នៅក្នុងទឹកដីប្រទេសហ្វីលីពីនផ្ទាល់តែម្តង។

៣៖ លទ្ធផលបោះឆ្នោតសកលនៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអូតតាវ៉ា) ក្នុងប្រទេសកាណាដាបានបង្ហាញថា គណបក្សសេរីនិយមរបស់លោក ចាស្ទីន ទ្រូដូ (Justin Trudeau) គឺជាអ្នកទទួលបានជ័យជម្នះ ប៉ុន្តែបានបាត់បង់សំឡេងភាគច្រើនក្នុងសភា។

៤៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៊ីន បាននិយាយថាទីក្រុងសេអ៊ូល នឹងបង្កើនកញ្ចប់ថវិកាយោធា ជាមួយការជំរុញឱ្យកូរ៉េខាងជើងត្រឡប់មករកកិច្ចចរចា ខណៈទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរ កំពុងឡើងកម្ដៅ ឡើងវិញ។

៥៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក មៃក៍ ប៉ុមប៉េអូ បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈជាស្រេច ក្នុងការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងតួកគី នៅក្នុងករណីចាំបាច់។

៦៖ ក្រោយការពន្យារពេលជាច្រើនដង និងមានភាពស្រពិចស្រពិលកាន់តែខ្លាំងនោះ នៅទីបំផុតទីភ្នាក់ងារអវកាស អាមេរិក NASA នាពេលនេះបានដាក់គោលដៅជាក់លាក់ជាថ្មី ដោយគ្រោងបញ្ជូនមនុស្សឲ្យចុះទៅដល់ភពអង្គារ (Mars) នៅឆ្នាំ២០៣៥៕