(កាណាដា)៖ លទ្ធផលបោះឆ្នោតសកលនៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអូតតាវ៉ា) ក្នុងប្រទេសកាណាដាបានបង្ហាញថា គណបក្សសេរីនិយមរបស់លោក ចាស្ទីន ទ្រូដូ (Justin Trudeau) គឺជាអ្នកទទួលបានជ័យជម្នះ ប៉ុន្តែបានបាត់បង់សំឡេងភាគច្រើនក្នុងសភា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកាណាដា ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។

យោងតាមទូរទស្សន៍កាណាដា CBC News និង CTV News គណបក្សសេរីនិយមរបស់លោក Trudeau ទទួលបានសំឡេងគាំទ្រ ១៥៧អាសនៈនៃអាសនៈសភាសរុប ៣៣៨អាសនៈ។ ពោលគឺនៅខ្វះ ១៣អាសនៈទៀត ដើម្បីបានសំឡេងភាគច្រើន ហើយដែលនេះនឹងធ្វើឱ្យបក្សកាន់អំណាចមួយនេះ មានការលំបាកក្នុងការបោះឆ្នោត ដើម្បីអនុម័តច្បាប់ណាមួយនៅក្នុងសភា ស្របពេលគណបក្សប្រឆាំងអភិរក្សនិយមទទួលបានសំឡេងគាំទ្រ ១២១អាសនៈ ឬកើនឡើងពី ៩៥អាសនៈពីការបោះឆ្នោតសកលកាលពីអាណត្តិមុន។

គួរបញ្ជាក់ថា ជ័យជម្នះខាងលើក៏បានបង្ហាញដែរថា លោក Trudeau នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីកាណាដាសម្រាប់អាណត្តិទី ២ ក្នុងនាមដឹកនាំរដ្ឋាភិបាលភាគតិច។ សម្រាប់ការប្រកាសលទ្ធផលឆ្នោតជាផ្លូវការ នឹងត្រូវប្រកាសចេញនៅប៉ុន្មានថ្ងៃទៀតនេះ៕